Singapore

គម្រោងដើម្បីកែលម្អខ្សែសង្វាក់តម្លៃកសិកម្មនៅទូទាំងអាស៊ាន

Husain Haider / Khmer Times Share:
កសិករដកសំណាបនៅលើដីកសិកម្មក្នុងតំបន់ជុំវិញរាជធានីភ្នំពេញ។ KT/ជរ សុគន្ធា

អង្គការ​របស់ប្រទេស​អា​លឺ្ល​ម៉​ង់មួយបាននិងកំពុងជំរុញឱ្យមានការកើនឡើងនៃខ្សែសង្វាក់តម្លៃកសិកម្មប្រកបដោយនិរន្តរភាពនៅក្នុងអាស៊ានដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ។

ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) កាលពីម្សិលមិញបានរៀបចំវេទិកាអនឡាញមួយដើម្បីពិភាក្សាអំពីបញ្ហានេះ។

មូលនិធិមួយត្រូវបានផ្តួចផ្តើមឡើងក្រោមគម្រោងសហប្រតិបត្តិការអាស៊ាន-អាឡឺម៉ង់ «ASEAN AgriTrade»។ គម្រោងនេះត្រូវបានអនុវត្តដោយមានកិច្ចសហការជាមួយដៃគូសាធារណៈ សមាគមឯកជនពាក់ព័ន្ធ និងអង្គការ GIZ និងកំពុងធ្វើការសហការជាមួយមូលនិធិ Agrinnovation Fund in ASEAN របស់អង្គការអាឡឺម៉ង់នៅអាស៊ានដែលស្វែងរកការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រឌិត។

គំនិតផ្តួចផ្តើមនេះបច្ចុប្បន្នកំពុងតែបើកទទួលយកពាក្យសុំនានាដើម្បីជំរុញខ្សែសង្វាក់តម្លៃនៅក្នុងប្រទេសកម្ពុជា ឡា វមីយ៉ាន់ម៉ា និងវៀតណាម (CLMV) ។

គម្រោង ASEAN AgriTrade ធ្វើការជាមួយនាយកដ្ឋាននានានៅក្នុងប្លុក CLMV ដែលមានអគ្គនាយកដ្ឋានកសិកម្មធ្វើជាដៃគូអនុវត្តរបស់ខ្លួននៅកម្ពុជា។

វិស័យកសិកម្មគឺជាឆ្អឹងខ្នងសម្រាប់ប្រទេស CLMV ។ ជំរឿនចុងក្រោយរបស់កម្ពុជាបានរកឃើញថាប្រជាជន ៧៣ ភាគរយចិញ្ចឹមជីវិតតាមរយៈវិស័យនេះ។

វិស័យកសិកម្មបានកើនឡើង ០,៥ ភាគរយកាលពីឆ្នាំមុន ខណៈដែលវិស័យឧស្សាហកម្មនិងសេវាកម្មបានថយចុះ ១,២ និង ៦,៧ ភាគរយ។

ជាមួយគ្នានេះផងដែរ ប្រធាន​ក្រុម​សម្រាប់​គម្រោង​អាស៊ាន​របស់ GIZ នៅ​កម្ពុជា​លោក Frank Jattke ថ្លែងថា៖ «កសិកម្មគឺជាវិស័យសំខាន់មួយសម្រាប់ប្រទេសកម្ពុជាបើទោះបីជាមិនស្ថិតនៅក្នុងការឆ្លងរីករាលដាលនៃជំងឺរាតត្បាតក៏ដោយ។ បច្ចុប្បន្ន យើងមើលឃើញពលករចំណាកស្រុកជាច្រើនបានវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ខណៈដែលរោងចក្របានបិទ។ ប្រជាជនត្រូវរកប្រាក់ចំណូលហើយឧស្សាហកម្មនេះនៅតែបន្តមានសក្តានុពល ជាមូលហេតុដែលយើងសម្រេចចិត្តផ្តោតលើវិស័យនេះ»។

លោក ស៊ិន សុខុមមុន្នី ជាទីប្រឹក្សាបច្ចេកទេសនៃគម្រោង ASEAN AgriTrade បានឲ្យដឹងថាគំនិតផ្តួចផ្តើមនេះទាមទារឱ្យវិស័យឯកជនស្នើសុំគម្រោងនិងផ្តល់ថវិកាពាក់កណ្តាលនៃការចំណាយដែលពាក់ព័ន្ធដោយខ្លួនឯង។

លោកបន្ថែមទៀតថាគម្រោងដែលបានអនុម័តនឹងទទួលបានថវិការហូតដល់ ២៤ ០០០ ដុល្លារក្នុងមួយគម្រោង ខណៈដែលការបណ្តាក់ទុនពិសេសអាចទទួលបានប្រមាណ ៣៥ ០០០ ដុល្លារ។

លោកបន្តថាបើទោះបីជាដំណាំអាទិភាពសម្រាប់ប្រទេសកម្ពុជាគឺជាម្ទេស ស្វាយ និងស្វាយចន្ទីក៏ដោយ ទំនិញផ្សេងទៀតក៏អាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះផងដែរ។

លោកបន្ថែមថា៖ «នៅប្រទេសកម្ពុជា យើងអាចបែងចែកគម្រោងពី ៣ និង ៥ ហើយគម្រោងទាំងនោះអាចមានរហូតដល់ចុងឆ្នាំ ២០២២»។

បច្ចុប្បន្នគម្រោងនេះកំពុងតែបើកក្នុងការទទួលយកសំណើពីអ្នកផលិតខ្នាតតូច អ្នកកែច្នៃ អ្នកនាំចេញ អ្នកលក់រាយ និងអ្នកផ្តល់សេវាកម្មធាតុចូល។

សំណើនានាត្រូវតែបង្ហាញពីរបៀបនៃភាពច្នៃប្រឌិត អនុវត្តដំណោះស្រាយឌីជីថល ធ្វើឱ្យប្រសើរឡើងនូវការចូលទៅកាន់ទីផ្សារ និងជំរុញកិច្ចសហប្រតិបត្តិការតាមខ្សែសង្វាក់តម្លៃ។

លក្ខណៈវិនិច្ឆ័យបន្ថែមចំនួនបួនត្រូវតែរួមបញ្ចូលនៅក្នុងសំណើរដែលមានដូចជា សក្តានុពលសម្រាប់ផលប៉ះពាល់ ការច្នៃប្រឌិត បរិយាប័ន្ន និងសក្តានុភាពក្នុងការពង្រីកអាជីវកម្ម (scalability)។

ដំណាំអាទិភាពនៅប្រទេសឡាវគឺផ្លែឪឡឹកនិងចេក ខណៈដែលគម្រោងក៏ផ្តោតលើកាហ្វេ ម្ទេស ក្រូចថ្លុង ផ្សិតពីមីយ៉ាន់ម៉ា និងផ្លែគូលែនពីខេត្ត Son La និង Gac Giang នៅប្រទេសវៀតណាម។

គម្រោង ASEAN AgriTrade បានពន្យាពេលផុតកំណត់របស់ខ្លួនរហូតដល់ថ្ងៃទី ៤ ខែមេសា ខណៈដែលគម្រោងនីមួយៗគ្រោងនឹងមានរយៈពេល ១៩ ខែ៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

ការព្យាកររបស់ធនាគារកណ្តាលអាមេរិកអាចជះឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងស្រុក

Next Article

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យមួយទៀតនៅខេត្តស្វាយរៀង