Singapore

​រដ្ឋាភិបាល​កំណត់​ទីតាំង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​​ទន្លេសាប​

ទិន​ ​សុខា​វុ​ធ​ / Khmer Times Share:
ការ​នេសាទ​ត្រី​នៅ​បឹង​ទន្លេសាប​។​  សហការី

​ក្រុម​ការងារ​ចម្រុះ​មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា​ ​ដើម្បី​ទប់​ស្កាត់​ការ​នេសាទ​ខុសច្បាប់​ក្នុង​បឹង​ទន្លេសាប​ ​បាន​ប្រើប្រាស់​កំពង់ផែ​កំពង់​ភ្លុក​ ​ជា​ចំណុច​ប្រជុំ​ ​ដើម្បី​សម្របសម្រួល​ការ​ប​ង្រ្កា​ប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុង​បឹង​ដ៏​ធំ​មួយ​នេះ​។​

​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ ​លោក​ ណៅ ​ធួ​ក​ ​ដែល​កំពុង​ដឹកនាំ​ក្រុម​ការងារ​ ​បាន​និយាយ​កាល​ពីម្សិលមិញ​ថា​ ​ក្រុម​ការងារ​សម្រេច​ជ្រើសរើស​កំពង់ផែ​កំពង់​ភ្លុក​ ​ស្រុក​សូត្រ​និគម​ ​ខេត្ត​សៀមរាប​ ​ជា​កន្លែង​ប្រជុំ​សម្របសម្រួល​ប្រតិបត្តិការ​ចាប់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​នេសាទ​ខុសច្បាប់​។​

​លោក​ ​ធួ​ក​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ ​កន្លែង​នេះ​គឺជា​ចំណុច​កណ្តាល​ដែល​អនុញ្ញាត​ឱ្យ​យើង​បញ្ជូន​កម្លាំង​របស់យើង​ទៅកាន់​ខេត្ត​សៀមរាប​ ​និង​ខេត្ត​បាត់​ដំបង​បាន​ទាន់ពេល​វេលា​»​។​

​លោក​បាន​បន្ថែម​ថា​ ​ក្រុម​ការងារ​ចម្រុះ​មាន​បុរស​ ​និង​ស្ត្រី​ជាង​ ​២​០​០​នាក់​ ​ភាគច្រើន​ជា​មន្ត្រី​នគរបាល​ ​និង​យោធា​មកពី​ខេត្ត​ដែល​ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិការ​នេះ​។​

​លោក​ថា​៖​«​ ​តាមពិត​ទៅ​ ​នៅពេលដែល​យើង​ធ្វើ​ប្រតិបត្តិការ​ប​ង្រ្កា​ប​ការ​នេសាទ​ខុសច្បាប់​នៅ​ក្នុង​ខេត្ត​មួយ​ ​ស្នងការ​នគរបាល​ខេត្ត​នោះ​នឹង​បញ្ជូន​មន្ត្រី​នគរបាល​ ​និង​យោធា​របស់​ពួកគេ​មក​ជួយ​យើង​ក្នុង​ប្រតិបត្តិការ​នេះ​។​ ​ឧទាហរណ៍​ ​កាលពី​ថ្ងៃ​ច​័ន្ទ ​នៅពេលដែល​យើង​ធ្វើ​ប្រតិបត្តិការ​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​នេសាទ​ខុសច្បាប់​នៅ​ក្នុង​ខេត្ត​សៀមរាប​ ​នគរបាល​ខេត្ត​បាន​បញ្ជូន​បុគ្គលិក​ប៉ូលីស​ចំនួន​ ​៧​0 ​នាក់​ដើម្បី​ជួយ​យើង​ក្នុង​ប្រតិបត្តិការ​នេះ​»​។​

​លោក​ថា​ ​ក្រុម​ការងារ​ចម្រុះ​អាច​ប្រើប្រាស់​ទូកលឿន​តាមដែល​អាច​ធ្វើ​បាន​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​ ​ដោយមាន​ជំនួយ​ពី​អាជ្ញាធរ​ខេត្ត​ជុំវិញ​បឹង​។​

​លោក​បាន​បន្ថែម​ថា​៖​ ​«​បច្ចុប្បន្ន​យើង​ប្រើ​ទូក​ល្បឿន​ប្រហែល​ ​២​០​ ​គ្រឿង​ ​ហើយ​យើង​ត្រូវការ​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​ប្រតិបត្តិការ​របស់យើង​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ​និង​ប្រសិទ្ធ​ភាព​»​។​

​អាជ្ញាធរ​កំពុង​ប្រើប្រាស់​បណ្តាញ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ចំនួន​ ​៤​ ​និង​បណ្តាញ​សង្គម​មួយ​ចំនួន​ដើម្បី​ទទួល​បាន​ព័ត៌មាន​ស្តីពី​ការ​នេសាទ​ខុសច្បាប់​ពី​សាធារណជន​ ​ជាពិសេស​អ្នក​រស់នៅ​ជុំវិញ​បឹង​។​
​លោក​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ ​ខណៈ​ពេល​ដែល​យើង​អនុ​វត្តប្រតិបត្តិ​ការ​នេះ​ ​យើង​ក៏​កំពុង​អប់រំ​អ្នកភូមិ​កុំ​ឱ្យ​ចូលរួម​ក្នុង​ការ​នេសាទ​ខុសច្បាប់​ ​និង​ការប្រើប្រាស់​ឧបករណ៍​ដូចជា​ ​អាគុយ​ ​ឆក់​ ​សំណាញ់​នេសាទ​ដែល​មាន​សំណាញ់​តូច​ៗ​ ​និង​ផលិតផល​គីមី​ពុល​ជាដើម​»​។​

​រហូត​មកដល់ពេលនេះ​ ​ជន​សង្ស័យ​ចំនួន​ ​១​៣​០​នាក់​ ​ពាក់ព័ន្ធ​ការ​នេសាទ​ខុសច្បាប់​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​ហើយ​ពួកគេ​កំពុង​ត្រូវ​បាន​សួរ​ចម្លើយ​។​កាលពី​ថ្ងៃអាទិត្យ​ ​ក្រុម​ការងារ​បាន​ជួប​ប្រ​ជុំគ្នា​និង​បាន​ឯកភាព​លើ​វិធានការ​មួយ​ចំនួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់​នេះ​៕

​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា

Related Posts

Previous Article

​អន្តរ​ក្រសួង​ប្រជុំ​គោល​នយោបាយ​អភិវឌ្ឍន៍​កសិកម្ម​​ទំនើបកម្ម​

Next Article

ប្រជាជនកម្ពុជាចំនួន ១៤ លាននាក់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២ ដង