Singapore

ទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករំពឹងថានឹងចាប់ផ្តើមនៅខែកក្កដា

Brian Badzmierowski / Khmer Times Share:
លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថ្លែងថាការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលគឺជាអាទិភាពសម្រាប់ប្រទេសកម្ពុជា។ សហការី

យោងតាមលោក​ឡុង កែម​វិចិត្រ អ្នកនាំពាក្យ​​ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថាទីផ្សារពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​កម្ពុជា Go4eCAM របស់ក្រសួងពាណិជ្ជកម្មត្រូវបានរំពឹងថានឹងដំណើរការតាមប្រព័ន្ធអនឡាញនៅក្នុងខែកក្កដាខាងមុខនេះ។

ការលើកឡើងរបស់លោក​ឡុង កែម​វិចិត្រ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាអនឡាញ Aid-for-Trade Stocktaking Event 2021 កាលពីរសៀលថ្ងៃពុធកន្លងទៅ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា​ Aid for Trade គឺជាគំនិតផ្តួចផ្តើមរបស់អង្គការពាណិជ្ជកម្មពិភពលោកដើម្បីជួយពន្លឿននិងលើកកម្ពស់ពាណិជ្ជកម្មនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

វេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងមានគោលបំណងបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក៏ដូចជាជួយពួកគេចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលផងដែរ។

វេទិកានេះនឹងផ្តោតលើការធ្វើឌីជីថលសម្រាប់មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម (MSMEs) និងគាំទ្រសហគ្រាសធុនតូច និងមធ្យមដែលកំពុងប្រតិបត្តិការនៅតាមបណ្ដាខេត្តនិងសហគ្រាសធុនតូចនិងមធ្យមដែលគ្រប់គ្រងដោយស្ត្រី។ អាទិភាពចម្បងមួយទៀតគឺការអភិវឌ្ឍនិងការរីកលូតលាស់ទីផ្សារអាជីវកម្មមួយទៅអាជីវកម្មមួយផ្សេងទៀត (business-to-business) ដែលមិនទាន់ទទួលបានជំហររឹងមាំនៅឡើយទេ។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថ្លែងថា៖ «បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងបញ្ចប់ក្របខ័ណ្ឌគោលនយោបាយធុរកិច្ចដើម្បីប្រែក្លាយប្រទេសកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថលនៅឆ្នាំ ២០៣៥»។

យោងតាមលោក​ឡុង កែម​វិចិត្រ ទីផ្សារនឹងផ្តល់ជូនអតិថិជនទាំងក្នុងស្រុកនិងក្រៅស្រុក ហើយនឹងត្រូវបានផ្សព្វផ្សាយនៅក្នុងពិព័រណ៍ទាំងក្នុងស្រុកនិងពិព័រណ៍អន្តរជាតិ។

វេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងមានការចុះបញ្ជីផលិតផល ប្រព័ន្ធបញ្ជាទិញ ប្រព័ន្ធទូទាត់ប្រាក់ និងសេវាកម្មដឹកជញ្ជូន ដោយមានសេវាកម្មរួមបញ្ចូលទាំងអ្នកផ្តល់សេវាបង់ប្រាក់និងអ្នកផ្តល់ភ័ស្តុភារនានាផងដែរ៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

វិស័យសិល្បៈ និងវប្បធម៌រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ-១៩

Next Article

វិទ្យាស្ថានចក្ខុវិស័យអាស៊ី មូលនិធិ Harpswell Foundation និង Woomentum ជម្រុញភាពជាសហគ្រិនឌីជីថលសម្រាប់ស្ត្រី