ភ្នំពេញ៖ នៅ​យប់ថ្ងៃទី ១ ខែមេសា ដែល​ជា​យប់​ទី ១ នៃ​ការ​អនុវត្ត​បម្រាម​គោចរ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ សមត្ថកិច្ច​គ្រាន់​តែ​ធ្វើ​ការ​អប់រំ​ណែនាំ​ដល់​អ្នក​ធ្វើ​ដំណើរ​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់​ពី​យប់​ថ្ងៃទី ២ ខែ​មេសា​នេះ​ទៅ សមត្ថកិច្ច​នឹង​មាន​វិធានការ​ផាក​ពិន័យ​តឹងរ៉ឹង​ទៅ​តាម​ផ្លូវ​ច្បាប់។

អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ នៅ​ថ្ងៃទី ២ មេសា​ឆ្នាំ ២០២១ នេះថា កាល​ពី​យប់​មិញ កម្លាំង​ខាង​ការិយា​ល័យ​អន្តរាគមន៍​ជាមួយ​កម្លាំង​តាមដាន​នៅ​តាម​ប៉ុស្តិ៍​មូលដ្ឋាន បាន​សហការ​គ្នា​ចុះ​តាម​គោល​ដៅ​នានា ដើម្បី​ធ្វើ​ការ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​ការ​ធ្វើ​បម្រាម​គោចរ នៅ​ទី​កន្លែង​ទាំង​តាម​ទីផ្សារ ភោជនីយដ្ឋាន និង​តាម​ទីធ្លា​សាធារណៈ។

ប៉ុន្តែ​លោក​ថា នៅ​យប់​ថ្ងៃទី ២ មេសា​នេះ កម្លាំង​សមត្ថកិច្ច​នឹង​ចាប់​ផ្តើម​អនុវត្ត​ដោយ​មិន​លើក​លែង​ចំពោះ​អ្នក​ល្មើស​នឹង​បំរាម​គោចរ​ឡើយ។

លោក សុខសីហា បាន​គូស​បញ្ជាក់​ថា៖ «យប់មិញ យើង​មាន​វិធាន​ការ​ចុះ​អប់រំ​ណែនាំ​ពួកគាត់ ដើម្បី​ឱ្យ​បាន​យល់​ពី​សេចក្តី​សម្រេច​ក៏​ដូចជា​ពី​បម្រាម​គោចរ​របស់​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដែល​ហាម​អ្នក​មិន​មាន​ការ​ចាំបាច់ ធ្វើ​ដំណើរ​ចាប់​ពី​ម៉ោង ៨ យប់​រហូត​ដល់​ម៉ោង ៥ ភ្លឺ។ បើ​សិន​ជា​មិន​គោរព​ទេ​ចាប់​ពី​យប់​នេះ​ទៅ យើង​នឹង​អនុវត្ត​តាម​សេចក្តី​សម្រេច និង តាម​ច្បាប់»។

លោក​បាន​បញ្ជាក់​ទៀត​ថា អ្នក​លើ្មស​បម្រាម​នឹង​ត្រូវ​ដក​ហូត​យាន​ជំនិះ​ទុក និង​តម្រូវ​ឱ្យ​បុគ្គល​រូប​នោះ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ ១៤​ថ្ងៃ ហើយ​អាជ្ញាធរ​មូលដ្ឋាន​នឹង​បន្ត​តាម​ដាន​សកម្មភាព​ពួកគេ។

ទោះយ៉ាង​ណា លោក សុខសីហា សង្កេត​ឃើញ​ថា នៅ​យប់​ថ្ងៃទី ១ មេសា ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ចូលរួម​តាម​សេចក្តី​សម្រេច​នៃ​បម្រាម​គោចរ ប៉ុន្តែ​នៅ​មាន​បុគ្គល​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ពុំ​ទាន់​អនុវត្ត។

យោង​តាម​សេចក្តី​សម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​បណ្តោះ​អាសន្ន​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ ២០២១ បាន​ហាម​ការ​ធ្វើ​ចរាចរណ៍​ជា​បណ្តោះ​អាសន្ន​នៅ​ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ចាប់​ពី​ចន្លោះ​ម៉ោង ៨ យប់ ដល់​ម៉ោង ៥ ទៀប​ភ្លឺ​ រយៈពេល ២ សប្តាហ៍​ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី ១៤ ខែមេសា ២០២១៕

វីដេអូ៖