Singapore

អង្គការសុខភាពពិភពលោក នឹងបន្តធ្វើការជាមួយកម្ពុជា លើជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត

Share:

អង្គការសុខភាពពិភពលោក (WHO) ប្ដេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងជំងឺផ្សេងៗទៀតដូចជា ជំងឺគ្រុនចាញ់ រលាកថ្លើម លើសឈាម ជាដើម។

ការប្តេជ្ញាចិត្តនេះធ្វើឡើងដោយលោក Takeshi Kasai នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក អំឡុងពេលចូលជួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ នេះបើយោងតាមលោក អ៊ាង សុផល្លែត ជំនួយការនាយករដ្ឋមន្ត្រីកម្ពុជា។

លោកTakeshi បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ចំពោះជោគជ័យរបស់ខ្លួនក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសង្កត់ធ្ងន់ថាកម្ពុជាជាគំរូសម្រាប់តំបន់ និងពិភពលោកក្នុងការផ្តល់វ៉ាក់សាំងដល់ប្រជាជន និងក្នុងការត្រួតពិនិត្យ វិភាគ និងឆ្លើយតបទាន់ពេលវេលាទៅនឹងជំងឺរាតត្បាត ក៏ដូចជាការចែករំលែក បទពិសោធន៍របស់ខ្លួនជាមួយប្រទេសផ្សេងៗ។

នាយកតំបន់អង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឱ្យចូលចតកប៉ាល់ Westerdam ជាមួយនឹងអ្នកដំណើរ និងនាវិកចម្រុះជាតិសាសន៍ជាង ២,២០០នាក់ នៅលើនោះ ដែលប្រទេសជាច្រើនបានបដិសេធដោយការភ័យខ្លាចនៃជំងឺកូវីដ-១៩ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោក Takeshi សម្រាប់ការកោតសរសើរ និងចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនដោយមិនគិតថ្លៃ ទាំងកម្រិតមូលដ្ឋាន និងដូសជម្រុញ។

ចំពោះករណី Westerdam នាយករដ្ឋមន្ត្រីថា នេះជាការសម្រេចចិត្តមនុស្សធម៌របស់កម្ពុជា បើទោះជាមានហានិភ័យនៃជំងឺកូវីដ-១៩ ក៏ដោយ។
C.Nika -ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Related Posts

Previous Article

ក្រសួងយុត្តិធម៌បើកកិច្ចប្រជុំស្តីពី “ការពន្លឿននីតិវិធីនៃសំណុំរឿងលាងសម្អាតប្រាក់”

Next Article

ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​កម្ពុជា