សេចក្តីព្រាងផែនទីចង្អុលផ្លូវដើម្បីស្តារវិស័យទេសចរណ៍ត្រូវបានលើកយកមកពិភាក្សា

ស៊ន សារ៉ាត / Khmer Times Share:
ទេសភាពនៅក្នុងខេត្តសៀមរាប។ Supplied

ក្រសួងទេសចរណ៍និងវិស័យឯកជនបានធ្វើការពិភាក្សាលើសេចក្តីព្រាង​ផែនទី​ចង្អុល​ផ្លូវ ជិត ២០០ ទំព័រដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញក្នុងកំឡុងពេលនិងក្រោយវិបត្តិសេដ្ឋកិច្ចដែលបណ្ដាលមកពីករណីវីរុសកូវីដ១៩ សម្រាប់ឆ្នាំ ២០២០-២០២៥ ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថាការអភិវឌ្ឍគម្រោងនេះនឹងក្លាយជាយន្តការដ៏សំខាន់មួយដែលត្រូវការដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នក៏ដូចជាអនាគត។

«ផែនទីបង្ហាញផ្លូវនេះគឺជាផ្នែកសំខាន់មួយនៃចក្ខុវិស័យរបស់ប្រទេសកម្ពុជាដែលត្រូវសម្រេចខណៈវិស័យឯកជ​នក៏បានបង្ហាញការគាំទ្រជាច្រើនផងដែរ»។

លោក ថោង ខុន បន្ថែមថា ផែនកា​រស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩ (២០២០-២០២៥) គ្រោងនឹងបញ្ជូនទៅកាន់ កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍នាពេលខាងមុខមុននឹងដាក់ជូនរដ្ឋាភិបាល។

កិច្ចប្រជុំ​ត្រូវបានធ្វើឡើងដោយមានការ​ចូលរួម​ពី​វិស័យ​ឯកជន រួមមាន សមាគម​ទេសចរណ៍​កម្ពុជា​, សមាគម​ភោជនីយដ្ឋាន​កម្ពុជា​, សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​, សមាគម​សណ្ឋាគារ​កម្ពុជា និង​សហព័ន្ធ​ទេសចរណ៍​កម្ពុជា។

លោ​កស្រី ឆាយ សៀវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថាក្រសួងត្រូវការការចូលរួមពីវិស័យឯកជន។

លោកស្រីបន្តថា ផែនទី​ចង្អុល​ផ្លូវ កំពុងដាក់ចេញវិធានការដើម្បីស្តារវិស័យទេសចរណ៍ដែលត្រូវបានរំពឹងថា នឹងត្រូវចំណាយ​រយៈពេល ៧ ឆ្នាំក្នុងការវិលមករកភាពប្រក្រតីឡើងវិញ។

លោកស្រីថា៖ «នៅក្នុងដំណាក់កាលនេះ អ្វីដែលយើងនឹងធ្វើគឺដើម្បីជួយដល់វិស័យនេះឱ្យមានដំណើរការក្នុងការរក្សាឲ្យវិស័យនេះមានសកម្មភាព ដើម្បីអាចឲ្យវិស័យនេះងើបឡើងវិញបន្ទាប់ពីករណីនៃជំងឺរាតត្បាតបញ្ចប់ទៅ»។

លោកស្រីបន្ថែមថា វិស័យឯកជនដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្ឋាគារនិងទីភ្នាក់ងារទេសចរណ៍ត្រូវការជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលដើម្បីរក្សាប្រតិបត្តិការ។

លោកស្រីថា៖ «យើងនៅតែទទូចសុំជំនួយពីរដ្ឋាភិបាលសម្រាប់ហិរញ្ញវត្ថុដើម្បីឲ្យវិស័យនេះអាចដំណើរការទៅបាន។ យើងមានអ្នកជំនាញហើយយើងមិនចង់បាត់បង់ពួកគេនោះទេ។ សហគ្រាសដែលផ្អែកលើវិស័យទេសចរណ៍មួយចំនួននាពេលបច្ចុប្បន្នបានបាត់សកម្មភាពហើយ ខណៈដែលពួក​គេមិនអាចផ្ដល់ប្រាក់ខែដល់បុគ្គលិករបស់ខ្លួនសូម្បីតែ ៥០ ភាគរយ។ ពួកគេអាចបិទអាជីវកម្មរបស់ពួកគេ ហើយនឹងមិនអាចចាប់ផ្តើមឡើងវិញនោះទេនៅពេលដែលស្ថានភាពវិលត្រឡប់មក
រកភាពធម្មតាវិញ។ យើងត្រូវការកញ្ចប់ប្រាក់កម្ចីពីរដ្ឋាភិបាល»។

លោកស្រីបន្តថា វិស័យឯកជនបានដាក់សំណើទៅកាន់ក្រសួងទេសចរណ៍រួចហើយ ដោយរំពឹងថានឹងទទួលបានការឆ្លើយតបនៅពេលសេចក្តីព្រាងផែនទី​ចង្អុល​ផ្លូវត្រូវបានបញ្ចប់។

លោកស្រីថា៖ «យើងត្រូវការប្រាក់កម្ចីដែលផ្តល់ដោយរដ្ឋាភិបាល ពីព្រោះយើងមិនអាចទទួលបានប្រាក់កម្ចីពីធនាគារនិង​មីក្រូហិរញ្ញវត្ថុ ក្នុងស្ថានភាពនេះទេ។ យើងបារម្ភថាបុគ្គលិកជំនាញនឹងចាកចេញពីវិស័យនេះ ហើយបន្ទាប់មកយើងនឹងខ្វះធនធានមនុស្សនៅពេលដែលជំងឺរាតត្បាតបញ្ចប់ទៅ»។

គួរបញ្ជាក់ឲ្យដឹងផងដែរថា​ រដ្ឋាភិបាលរួមជាមួយស្ថាប័នហិរញ្ញវត្ថុនៅដើមឆ្នាំនេះបានដាក់ចេញនូវគម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម (SCFS “Scheme”)  ចំនួន ១០០ លានដុល្លារដើម្បីគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម​របស់ប្រទេសជាពិសេសក្នុងអំឡុងពេលមានការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ។

លោក Dexter B.K. Tan អគ្គនាយកធនាគារ សហគ្រាស ធុនតូច និងមធ្យម (SME Bank) ថ្លែងថាតាមរយៈគម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម (SCFS “Scheme”) ប្រាក់កម្ចីសហគ្រាសធុនតូចនិងមធ្យមជាង ៩០ ភាគរយត្រូវបានផ្តល់ទៅឱ្យផលិតកម្មនានាដែលមានដូចជាការកែច្នៃចំណីអាហារ និងការផលិតទំនិញសម្រាប់វិស័យទេសចរណ៍ផងដែរ។

ប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសរុបជាង ៦,៦ លាននាក់កាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិសរុបចំនួន ១ ២២៦ ៥៤៣ នាក់ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះ ៧១,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែទទួលបានទស្សនវិស័យជាវិជ្ជមាន

Next Article

សេចក្តីព្រាងច្បាប់ថ្មីស្តីពីការវិនិយោគត្រូវបានយកមកធ្វើការពិភាក្សា