កម្ពុជាបានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប

សរ សុជាតិ/ខ្មែរថាមស៍ Share:
កិច្ចប្រជុំលទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយសហភាពអឺរ៉ុបនិងកិច្ចប្រជុំវេទិការតំបន់អាស៊ានលើកទី ២៨ នៅថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២១ តាមរយៈវីដេអូសន្និសីទ។ KT/ ខេម សុវណ្ណារ៉ា

កម្ពុជាបានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុបជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានកាលពីថ្ងៃសុក្រនេះដោយបានគាំទ្រសំណើររបស់សហភាពអឺរ៉ុបក្នុងការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នៅឆ្នាំ ២០២២ នៅទីក្រុងព្រុចសែល ដើម្បីប្រារព្ធខួបលើកទី ៤៥ នៃទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសបាននិយាយក្នុងកិច្ចប្រជុំលទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយសហភាពអឺរ៉ុប​ថា៖ «កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២២​ បានត្រៀមលក្ខណៈរួចរាល់ ក្នុងការធ្វើការជាមួយប្រទេសហ្វីលីពីនដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត និងសហភាពអឺរ៉ុប ដើម្បីធានាឲ្យបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប នៅឆ្នាំ ២០២២»។

លោកបានគូសបញ្ជាក់ថាទំនាក់ទំនងប្រកបដោយអត្ថន័យរវាងអាស៊ាន និងសហភាពអឺរ៉ុប ត្រូវបានកសាងឡើងដោយឈរលើការប្តេជ្ញាចិត្តរួមគ្នាចំពោះពហុភាគីនិយម សមភាព និងការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតបត្តិការឈ្នះ-ឈ្នះ

លោកបន្តថាគំនិតផ្តួចផ្តើមនានាដែលពាក់ព័ន្ធជាមួយអាស៊ាន រួមមានយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប គប្បីគាំទ្រដល់មជ្ឈភាពអាស៊ាន និងបំពេញបន្ថែមជាទស្សនវិស័យអាស៊ានស្តីពីឥណ្តូ-ប៉ាស៊ិហ្វិក។

លើសពីនេះទៅទៀត លោកបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់អាស៊ាន-សហភាពអឺរ៉ុប និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់រួមមានតាមរយៈការសម្រេចបានប្រកបដោយសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុប។

កិច្ចប្រជុំបានស្វាគមន៍ចំពោះការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ តាមការឯកភាពនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី ២៣ នៅខែធ្នូ និងបានសម្តែងនូវការពេញចិត្តចំពោះសមិទ្ធផល និងវឌ្ឍនភាពដែលសម្រេចបានក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប (២០១៨-២០២២)។

រដ្ឋមន្ត្រីការបរទេសអាស៊ានបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ចំពោះមជ្ឈភាពអាស៊ាន និងយន្តការនានាដែលដឹកនាំដោយអាស៊ាន ដោយឈរលើជំនឿរួមនៅក្នុងសណ្តាប់ធ្នាប់ពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសនៅពេលដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិដែលជាការបារម្ភរួម។

ភ្ជាប់ជាមួយនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានកោតសរសើរតួនាទីដ៏សកម្មរបស់សហភាពអឺរ៉ុប នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការរួមចំណែករបស់ខ្លួនដើម្បីពង្រឹងការទទួលបានវ៉ាក់សាំងសកលតាមរយៈយន្តការកូវ៉ាក់ និងចំពោះកញ្ចប់ថវិការ ក្រុមអឺរ៉ុប របស់សហភាពអឺរ៉ុប ក្នុងទំហំទឹកប្រាក់ច្រើនជាង ៨០០ លានអឺរ៉ូ ជួយដល់អាស៊ានក្នុងការដោះស្រាយការរីករាលដាលនៃជំងឺកូវីដ-១៩។

បន្ថែមពីលើនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសង្កត់ធ្ងន់អំពីការធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាត តាមរយៈក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។

លោកក៏បានចូលរួមក្នុងកិច្ចប្រជុំវេទិការតំបន់អាស៊ានលើកទី ២៨​ ហើយលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិការអាស៊ានដែលជាវេទិកាពហុភាគីនិយមសម្រាប់កិច្ចសន្ទនាពីគ្រោះយោបល់ ការកសាងទំនុកចិត្ត និងលើកកម្ពស់ភាពជឿជាក់សម្រាប់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល ហើយអ្វីទាំងអស់ គួរតែត្រូវបានឪបក្រសោបដើម្បីប្រមូលផ្តុំសាមគ្គីភាពអន្តរជាតិ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយគ្មានការចោទប្រកាន់គ្នា និងធ្វើនយោបាយូបនីកម្ម។

លោកបានឆ្លៀតឪកាសនេះបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការបន្តចរន្តទំនាក់ទំនង ដែលជាជំហានប្រកបដោយការស្ថាបនាឆ្ពោះទៅរកការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នា រវាងភាគីកូរ៉េទាំងពីរ។

ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាបានស្វាគមន៍ការបន្តការចរចារលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ដែលជាការឆ្លុះបញ្ចាំងនូវឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ដើម្បីរក្សាស្ថិរភាពតំបន់តាមរយៈការគ្រប់គ្រងភាពការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS)។

កិច្ចប្រជុំបានបញ្ចប់ដោយកោតសរសើរចំពោះវឌ្ឍនភាពនៃដំណើរការវេទិការតំបន់អាស៊ាន និងបានគូសបញ្ជាក់អំពីការរួមចំណែកយ៉ាងសំខាន់សល់ការកសាងជំនឿទុកចិត្ត សន្តិភាព និងស្ថិរភាព នៅក្នុងអាស៊ី-ប៉ាស៊ីហ្វិក៕

Related Posts

Previous Article

ផលិតកម្មអំបិលរបស់កម្ពុជាក្នុងឆ្នាំ ២០២១ នឹងបំពេញតម្រូវការក្នុងស្រុក

Next Article

ជប៉ុនបន្តគាំទ្រគម្រោងទឹកស្អាតរបស់កម្ពុជា