ប្រទេសកម្ពុជានឹងប្រើវ៉ាក់សាំង AstraZeneca ពីចក្រភពអង់គ្លេសជាដូសជំរុញទី ៣ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង

Khmer Times Share:

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសកម្ពុជានឹងប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលផ្តល់ដោយចក្រភពអង់គ្លេសជាដូសទី៣ ឬជាយុទ្ធនាការចាក់វ៉ាក់សាំងបង្ការដូសជំរុញនៅក្នុងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់វ៉ាក់សាំង AstraZeneca ដែលផ្តល់ដោយចក្រភពអង់គ្លេសចំនួន ៤១៥,០០០ ដូសនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនារសៀលនេះថា “ខ្ញុំសូមបញ្ជាក់ថា​ វ៉ាក់សាំង AstraZeneca ដែលជាអំណោយមនុស្សធម៌ដ៏មានតម្លៃពីរដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេសនឹងត្រូវប្រើប្រាស់នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការដូសទី ៣ ឬដូសជំរុញ”។

សម្តេចនាយករដ្ឋមន្រ្តីក៏បានស្នើសុំឱ្យចក្រភពអង់គ្លេសបន្តផ្តល់ជំនួយមនុស្សធម៌ក្នុងទម្រង់ជាវ៉ាក់សាំងក៏ដូចជាជួយសម្រួលដល់កម្ពុជាក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែមដើម្បីបំពេញតម្រូវការនាពេលអនាគត។

សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេសដែលបានបរិច្ចាគវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ ដូសដល់រដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ សម្តេចបានសង្កត់ធ្ងន់ថា “ជំនួយមនុស្សធម៌នេះគឺជាទង្វើដ៏ថ្លៃថ្លា និងសប្បុរសធម៌ដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនេះ ដែលវ៉ាក់សាំងបានក្លាយជាទំនិញយុទ្ធសាស្ត្រសំខាន់ដែលមានតម្រូវការខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោក” ។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈដែលចក្ខុវិស័យបច្ចុប្បន្នពោរពេញទៅដោយភាពមិនច្បាស់លាស់ដោយសារមេរោគកូវីដ-១៩ បានវិវត្តឥតឈប់ឈរ និងផ្លាស់ប្តូរទៅជាវ៉ារ្យ៉ង់វីរុសថ្មី ជាពិសេស វ៉ារ៉្យង់វីរុសបំប្លែងខ្លួនថ្មី​ Delta ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសដទៃទៀតក៏ដូចជានៅកម្ពុជាផងដែរ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) វ៉ាក់សាំងពិតជាអាចផ្តល់ការការពារប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងវីរុសបំប្លែងខ្លួនថ្មី Delta ផងដែរ។

សម្តេចនាយករដ្ឋមន្រ្តីបានបន្តថា ដោយដឹងអំពីអត្ថប្រយោជន៍ដ៏សំខាន់នេះ រាជរដ្ឋាភិបាលបានព្យាយាមរកវ៉ាក់សាំងបង្ការ តាមរយៈយន្តការទ្វេភាគី ឬពហុភាគីដែលមានស្រាប់ក្នុងទម្រង់ជាជំនួយមនុស្សធម៌ ឬបញ្ជាទិញដោយផ្ទាល់។ ការធានាការផ្គត់ផ្គង់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលាតាមផែនការ បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ថ្នាក់ជាតិ ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយមានការវិវឌ្ឍន៍ល្អតាមរយៈយុទ្ធសាស្រ្ត “ផ្ការីក” ។

ជាមួយនឹងការមកដល់របស់វ៉ាក់សាំងមានភាពច្បាស់លាស់ និងប្រាកដនៅគ្រប់យន្តការទាំងអស់​ នៅថ្ងៃទី ១ ខែសីហា រាជរដ្ឋាភិបាលបានសម្រេចចិត្តបោះជំហានមួយបន្ថែមទៀត ដោយចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ-យុវជនដែលមានអាយុពី ១២ ដល់ ១៨ ឆ្នាំ ដែលមានប្រជាជនសរុបបន្ថែម ២ លាននាក់។ សម្តេចបានបានបន្ថែមទៀតថា ក្នុងពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការដូសទី ៣ ឬដូសជំរុញសម្រាប់មន្រ្តីសាធារណៈជួរមុខដែលកំពុងបម្រើការនៅតាមបណ្តាខេត្តតាមព្រំដែនកម្ពុជា-ថៃដែលជាកន្លែងវីរុសបំប្លែងខ្លួនថ្មី Delta កំពុងរីករាលដាល។

ឆ្លៀតក្នុងឱកាសនេះ សម្តេច ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមយ៉ាងសកម្ម និងពេញលេញជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអនុវត្ត និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវវិធានការសុខាភិបាល ជាពិសេស “ ៣កុំ និង៣ការពារ” ក៏ដូចជាចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ថ្នាក់ជាតិ ដើម្បីការពារសុវត្ថិភាព សុខភាព និងសុខុមាលភាពក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិយើងទាំងមូល។

ជាមួយនឹងវ៉ាក់សាំងដែលទើបមកដល់ថ្មីៗនេះ ប្រទេសកម្ពុជាមានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជិត ២១ លានដូសហើយ តាមរយៈការទិញនិងជំនួយមាន៖ ស៊ីណូហ្វាមចំនួន ៧.២ លានដូស ស៊ីណូវ៉ាក់ចំនួន ១១.៥ លានដូស AstraZeneca ចំនួន ១,០៧១,០០០ ដូស និង Johnson & Johnson ចំនួន ១,០៦៤,៦០០ ដូស។

គិតត្រឹមថ្ងៃទី ៥ ខែសីហា សម្រាប់គោលដៅមនុស្សពេញវ័យ ១០ លាននាក់ ប្រជាពលរដ្ឋចំនួន ៧,៨១០,៤៦៩ នាក់បានចាក់វ៉ាក់សាំងបង្ការដូសទី១ ឬ ៧៥.៤២% ក្នុងចំណោមប្រជាពលរដ្ឋចំនួន ៥,៣១៧,៨៣៩ នាក់បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស។

សម្រាប់កុមារ-យុវជនអាយុពី ១២ ទៅ ១៨ ឆ្នាំ ដែលយុទ្ធនាការចាក់វ៉ាក់សាំងបានចាប់ផ្តើមកាលពីថ្ងៃ អាទិត្យ សប្តាហ៍មុននោះ ចំនួន ១៦៣,១១៣ ឬ ៨.២៩% នៃគោលដៅពីរលាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការដូសដំបូងរបស់ពួកគេហើយ៕ Heng Panha – AKP

 

Related Posts

Previous Article

កម្ពុជាក្លាយជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងសន្ទនា អាស៊ាន-រុស្ស៊ី ឆ្នាំ ២០២១-២០២៤

Next Article

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្នើសុំភាគីថៃផ្តល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការកសាងប្រាសាទដែលមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្តក្នុងខេត្តបុរីរាំ