អូស្ត្រាលីបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រចំពោះការផ្លាស់ប្តូរថាមពលស្អាតរបស់កម្ពុជា

Khmer Times Share:
AKP

អូស្ត្រាលីបន្តគាំទ្រដល់ការផ្លាស់ប្តូរថាមពលស្អាតរបស់កម្ពុជា និងឆ្ពោះទៅរកការអភិវឌ្ឍន៍បន្ថែមទៀតដែលមានលក្ខណៈអំណោយផលដល់បរិស្ថាន និងប្រកបដោយបរិយាប័ន្ន។

ការបន្តគាំទ្រត្រូវបានគូសបញ្ជាក់ដោយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បន្ទាប់ពីកិច្ចពិភាក្សានាពេលថ្មីៗនេះស្តីពីការផ្លាស់ប្តូរថាមពលស្អាតរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២២។

ស្ថានទូតបានឱ្យដឹងថា “យើងប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីកសាងវិស័យថាមពលស្អាត ធន់ និងធ្វើឱ្យមានពាណិជ្ជកម្ម និងការវិនិយោគបៃតង”។

កម្មវិធី CAP-RED របស់ប្រទេសអូស្ត្រាលីនឹងតបណ្តាញអគ្គិសនីដល់ភូមិដែលមិនមានអគ្គីសនីប្រើប្រាស់ពីមុន ហើយក៏នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអនុវត្តយុទ្ធសាស្ត្រថាមពលកកើតឡើងវិញរបស់ខ្លួន។

ការពិភាក្សានេះសម្របសម្រួលដោយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា រួមមាន លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា លោក Bridget McIntosh ស្ថាបនិក EnergyLab Cambodia និងលោកស្រី Mola Tin ដែលជាអ្នកដឹកនាំផ្នែកហេដ្ឋារចនាសម្ព័ន្ធសម្រាប់ CAP-RED ។

ការពិភាក្សាផ្តោតលើរបៀបដែលប្រទេសកម្ពុជាអាចបន្តសម្រេចបាននូវនិរន្តរភាពថាមពល ភាពអាចជឿជាក់បាន និងគោលដៅដែលអាចទទួលយកបាន ព្រមទាំងការសម្រេចបាននូវគោលដៅអាកាសធាតុរបស់ខ្លួន៕ AKP-Phal Sophanith

Related Posts

Previous Article

កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​៤ ក្នុង​សន្ទស្សន៍​ការងើបឡើងវិញពី​ជំងឺ​កូវីដ-១៩ ចុងក្រោយ​បង្អស់​របស់ Nikkei

Next Article

យុវជនកម្ពុជា និងវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការ