កម្ពុជា និងអាល្លឺម៉ង់ បន្តបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ

Khmer Times Share:
ឯកអគ្គរដ្ឋទូត Stefan Messerer (ឆ្វេង) ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។ AKP

កាលពីម្សិលមិញ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយលោក Stefan Messerer ដែលទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយកាលពីល្ងាចម្សិលមិញ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអាល្លឺម៉ង់ ដែលបានឆ្លុះបញ្ចាំងអោយឃើញតាមរយៈសកម្មភាពពាណិជ្ជកម្មដ៏រឹងមាំ ការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងម្រិតខ្ពស់ជាញឹកញាប់ ព្រមទាំងបានពិភាក្សាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការវិវត្តដ៏គួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងឆ្នាំ ២០២២ ដែលត្រូវបានកត់សម្គាល់តាមរយៈការបញ្ចប់ការពិនិត្យដោយក្រសួងការបរទេសទាំងពីរលើសេចក្តីថ្លែងការណ៍រួមស្តីពីគោលបំណងក្នុងការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី និងការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១នៅទីក្រុងភ្នំពេញ កាលពីខែមករាក្នុងឆ្នាំនោះ ដែលបានបើកផ្លូវអោយមានដំណើរទស្សនកិច្ចផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសអាល្លឺម៉ង់កាលពីខែកុម្ភៈ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងរយៈពេល២៧ ឆ្នាំមកនេះ។

លោកក៏បានរំលឹកផងដែរអំពីកិច្ចពិភាក្សាដ៏ល្អរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ក្នុងជំនួបទ្វេភាគីដែលធ្វើឡើងនៅទីក្រុងប្រ៊ុចសែលកាលពីខែធ្នូឆ្នាំមុន ព្រមទាំងកិច្ចពិភាក្សាររវាងលោក និងលោកស្រី Annalena Baerbock រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់លោកនៅទីនោះ។

លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនរបស់ប្រទេសអាឡឺម៉ង់ដែលបានផ្តល់ជំនួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើវិស័យផ្សេងៗ រួមមានការអប់រំ វប្បធម៌ ការកាត់បន្ថយភាពក្រីក្រ ថាមពល ការបោសសម្អាតមីន អភិបាលកិច្ចល្អ និងសុខាភិបាល ជាដើម។

លោកក៏បានកត់សម្គាល់ដោយក្តីរីករាយចំពោះការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីដ៍ល្អ ដោយបានគូសបញ្ជាក់ថា អាល្លឺម៉ង់ឈរនៅលេខរៀងទី១ក្នុងចំណោមបណ្តាប្រទេសសហភាពអឺរ៉ុប និងបង្ហាញក្តីសង្ឃឹមចំពោះការវិនិយោគបន្ថែមពីប្រទេសនេះ។

លោកក៏បានជម្រាបជូនអគ្គរដ្ឋទូតអាល្លឺម៉ង់ អំពីការវិវត្តនៅក្នុងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា ជាពិសេសការត្រៀមរៀបចំរបស់កម្ពុជា និងរបស់គណបក្សនយោបាយផ្សេងៗ សម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខ ដែលនឹងប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងតម្លាភាព ដោយសង្កត់ធ្ងន់លើអាទិភាពចម្បងបំផុតគឺសន្តិភាពដែលកម្ពុជាត្រូវតែការពារ និងថែរក្សា។

លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតក៏បានផ្លាស់ប្តូរយោបល់លើការវិវត្តនៃស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិមួយចំនួនផងដែរ ដោយក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនអំពីភាពស្មុគស្មាញនៃវិបត្តិមីយ៉ាន់ម៉ា និងការខិតខំរបស់កម្ពុជា ក្នុងការជួយប្រទេសនេះឱ្យវិលមករកភាពប្រក្រតីឡើងវិញ។

លោកឯកអគ្គរដ្ឋទូតក៏បានសរសើរកម្ពុជាចំពោះ “សមិទ្ធិផលការងារដ៏អស្ចារ្យ” ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០២២ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់៕ C. Nika – AKP

Related Posts

Previous Article

MLB ជា​ម៉ាក​សំលៀកបំពាក់ដើរលេង​របស់​កូរ៉េ​ខាង​ត្បូង​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​កម្ពុជា

Next Article

ប្រព័ន្ធសូឡា PV នៅលើដំបូលដែលមានកម្លាំង ១.៤ MWp គ្រោងនឹងអភិវឌ្ឍនៅកម្ពុជា