​លោក ហ៊ុន ម៉ា​នី អំពាវនាវ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​អូ​មី​ក្រុង​

​ខ្មែរ​ថា​ម​ស៍ Share:

​ក្នុង​សារ​មួយ​នៅលើ​បណ្ដាញ​សង្គម​នៅថ្ងៃនេះ កូនប្រុស​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ា​នី បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា បង្កើន​ការប្រុងប្រយ័ត្ន និង​បន្ត​អនុវត្ត​វិធានការ​សុខភាព ខណៈដែល​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ កាន់តែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​លោក ហ៊ុន ម៉ា​នី បានសរសេរថា​៖ យោង​ព័ត៌មាន​ជា​បន្តបន្ទាប់​ស្តីពី​ការកើនឡើង​នូវ​ករណី​ឆ្លង​ថ្មី (​និង​មរណៈភាព ០២ រូប​) កាលពី​ម្សិល ដែល​បណ្តាលមកពី​វីរុស Omicron ខ្ញុំ​សូម​អំពាវនាវ​ជាថ្មី ដល់​លោកតា​លោកយាយ អ៊ុំ​ពូ​មីង បងប្អូន ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​បន្ត​អនុវត្ត​នូវ​វិធាន ០៣​កុំ ០៣​ការពារ ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ ជាមួយគ្នានេះ ខ្ញុំ​ក៏​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​សេចក្តីណែនាំ​នានា ដែល​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ធ្វើយ៉ាងណា ចូលរួម​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធិភាព​នូវ​សន្ទុះ​នៃ​ការឆ្លង​ថ្មី​នេះ​។ សហគម​ន៏​យើង​មាន​សុវត្ថិភាព លុះណាតែ​យើងទាំងអស់គ្នា​ចូលរួម ដែល​រាប់ទាំង​ការចូលរួម​ពី​សំណាក់​យុវជន​ស្ម័គ្រចិត្ត​គ្រប់​យន្តការ ស្ថាប័ន និង​និន្នាការ​ផងដែរ​។​

​ចំនួន​ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ (​ធ្វើតេស្ត​ដោយ​ម៉ាស៊ីន PCR) គឺ​៧៣៦​ករណី ដែលជា​ប្រភេទ​អូ​មី​ក្រុង​ទាំងអស់ នាំ​ឲ្យ​ចំនួន​សរុប​ដល់​ទៅ ១២៦.៤៨៩ ករណី​។​

​ជា​លើកដំបូង​ក្នុង​រយៈពេល​៦ សប្តាហ៍ កម្ពុជា​បាន​កត់ត្រា​អ្នកស្លាប់​ថ្មី​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ចំនួន ២​នាក់ ដែល​ធ្វើឱ្យ​ចំនួន​សរុប​កើនឡើង​ដល់ ៣.០១៧​នាក់​។

​សូម​រំលឹកថា បច្ចុប្បន្ននេះ កម្ពុជា​បាន​កត់ត្រា​ករណី​ឆ្លង​អូ​មី​ក្រុង​សរុប​ចំនួន ៦.០៤៨ ករណី ក្នុងនោះ​ករណី​នាំចូល ៧១៥ ករណី និង ករណី​ឆ្លង​ក្នុង​សហគមន៍ ៥.៣៣៣ ករណី ហើយ មាន​អ្នក​កំពុង​សំរាក​ព្យាបាល​ចំនួន ៣.០០៣​នាក់ (​ធ្វើតេស្ត​ដោយ​ម៉ាស៊ីន PCR)៕

Related Posts

Previous Article

​ខណ្ឌឫស្សីកែវ​បង្ក្រាប​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​នៅ​ស្វាយប៉ាក​

Next Article

​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩​អំពាវនាវ​ពលរដ្ឋ​ប្រយ័ត្ន​អូ​មី​ក្រុង