ការ​វិនិយោគ​របស់វិស័យ​ឯកជន​មានសារៈសំខាន់​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់​អាស៊ី

Khmer Times Share:
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាឧទាហរណ៍នៃការវិនិយោគផ្នែកឯកជនជោគជ័យក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។ AKP

រដ្ឋាភិបាលក្នុងតំបន់អាស៊ីត្រូវតែបង្កើតបរិយាកាសអំណោយផលបន្ថែមទៀត ដើម្បីលើកទឹកចិត្តដល់ការវិនិយោគរបស់វិស័យឯកជនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នេះបើយោងតាមអ្នកជំនាញផ្នែកយន្តការហិរញ្ញវត្ថុ។

លោក Sithanonxay Suvannaphakdy អតីតអ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃមជ្ឈមណ្ឌលសិក្សាអាស៊ាននៅវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរីបាននិយាយថា យន្តការបែបនេះទាមទារឱ្យមានកិច្ចសហការបន្ថែមទៀតរវាងវិស័យសាធារណៈ និងឯកជនដើម្បីបង្កើនភាពជាដៃគូ។

លោកបានបន្តថា “ភាពជាដៃគូសាធារណៈ និងឯកជនកាន់តែច្រើន គួរតែកាត់បន្ថយសម្ពាធលើរដ្ឋាភិបាលក្នុងតំបន់ ដែលបានជួបប្រទះឱនភាពថវិកាធ្ងន់ធ្ងរ ដោយសារការចំណាយលើជំងឺរាតត្បាតក្នុងរយៈពេល៣ ឆ្នាំកន្លងមកនេះ” ដោយបន្ថែមថា អាជ្ញាធរក្នុងតំបន់គួរតែបង្កើតបរិយាកាសអាជីវកម្ម និងការវិនិយោគដែលមានលក្ខណៈអំណោយផល។

កាលពីថ្ងៃទី ២ ខែ ឧសភា ធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមភាពជាដៃគូជាមួយអាស៊ាន រួមនឹងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលចំនួនបី បានចេញផ្សាយរបាយការណ៍មួយក្រោមចំណងជើងថា “វិធីសាស្រ្តផ្តល់ហិរញ្ញប្បទានឡើងវិញសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងភាពធន់នៅក្នុងតំបន់អាស៊ាន+៣”។

អាស៊ាន+៣ សំដៅលើប្រទេសសមាជិកអាស៊ានទាំង ១០ បូករួមនឹងចិន ជប៉ុន និងកូរ៉េខាងត្បូង។

យោងតាមរបាយការណ៍នេះ តំបន់នេះនឹងត្រូវការការវិនិយោគចំនួន១៣.៨ ទ្រ៊ីលានដុល្លារសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងរយៈពេលដូចគ្នានេះ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការសម្រាប់សេដ្ឋកិច្ចអាស៊ានត្រូវបានគេប៉ាន់ប្រមាណថាមានយ៉ាងហោចណាស់ ២.៨ ទ្រ៊ីលានដុល្លារ។

ប្រាក់កម្ចីសម្រាប់បញ្ហាអាកាសធាតុ

ធនាគារក៏បានបើកដំណើរការមូលនិធិហិរញ្ញវត្ថុសម្រាប់បញ្ហាអាកាសធាតុនៅអាស៊ី និងប៉ាស៊ីហ្វិក ដែលអាចបង្កើតប្រាក់កម្ចីថ្មីរហូតដល់១៥ ពាន់លានដុល្លារ។

លោក Ruth Banomyong សាស្ត្រាចារ្យផ្នែកធុរកិច្ចអន្តរជាតិនៅសកលវិទ្យាល័យ Thammasat ក្នុងប្រទេសថៃបាននិយាយថា នៅពេលដែលផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ឈានដល់ទីបញ្ចប់ មានការយល់ឃើញខ្លះថាអ្វីៗមិនទាន់បានសម្រេចទៅតាមផែនការ ហើយបន្តអំពាវនាវឱ្យមានការចូលរួមពីវិស័យឯកជនបន្ថែមទៀត។

បន្ថែមលើពីនេះ លោក Watcharas Leelawath ទីប្រឹក្សាកិត្តិយសនៅ Bolliger and Co ដែលជាក្រុមហ៊ុនប្រឹក្សាគោលនយោបាយសាធារណៈ និងជាក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រនៅប្រទេសថៃ បាននិយាយថា គួរតែមានវិធីសាស្រ្តច្បាស់លាស់មួយក្នុងការផ្តល់ឱ្យវិស័យឯកជននូវព័ត៌មានចាំបាច់ដែលពួកគេត្រូវការនៅពេលវិនិយោគក្នុងគម្រោង រួមទាំងអ្នកដែលពាក់ព័ន្ធផងដែរ។

លោក ថោង ម៉េងដាវីត អ្នកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី នៅទីក្រុងភ្នំពេញ បាននិយាយថា “វិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់ជាម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។

លោក គី សេរីវឌ្ឍន៍ អគ្គនាយកវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងដែរថា វាមានសារៈសំខាន់សម្រាប់រដ្ឋាភិបាលក្នុងតំបន់ក្នុងការធានាឱ្យមានតម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់មូលនិធិ នៅពេលនិយាយអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ China Daily

Related Posts

Previous Article

ក្រុមហ៊ុនទូទាត់ប្រាក់នៅប្រទេសសិង្ហបុរី 2C2P ពង្រីកសេវាផ្ទេរប្រាក់របស់ខ្លួនមកកម្ពុជា

Next Article

​គ​.​ជ​.​ប​ ​អនុញ្ញាត​ឱ្យ​បក្ស​នយោបាយ​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ចំនួន​៤​ដង​