ចិន​ជា​អ្នក​ទិញ​កសិផលដ៏​សំខាន់​របស់​កម្ពុជា

Khmer Times Share:
ស្ត្រី​ម្នាក់​ចង​បាច់​ដើម​ស្រូវ​ដែល​ច្រូត​រួច។ ខ្មែរថាមស៍/ជរ សុគន្ធា

យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា ប្រទេសចិនគឺជាអ្នកនាំចូលដ៏សំខាន់នៃកសិផលរបស់កម្ពុជាក្នុងឆ្នាំ២០២២។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​ទិញ​កសិផល​កម្ពុជា​មួយ​ចំនួន​ជា​ពិសេស​អង្ករ ចេក​លឿង ស្វាយ ដំឡូងមី គ្រាប់​ស្វាយចន្ទី ពោត ផ្លែមាន ​ម្រេច និង​ជា​ច្រើន​ទៀត។

របាយការណ៍បានបន្ថែមថា កសិផលកម្ពុជាចំនួន ៦៨៩,៧០២ តោន ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិនក្នុងអំឡុងខែមករាដល់ខែវិច្ឆិកាក្នុងឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា លោក ឌិត ទីណា មានប្រសាសន៍ថា ប្រទេសចិននៅតែមានសក្ដានុពលក្នុងការស្រូបយកកសិផលកម្ពុជាបន្ថែមទៀត ដោយលោកថាប្រទេសទាំងពីរមិនទាន់បានប្រើប្រាស់សក្តានុពលអតិបរមាក្នុងវិស័យនេះនៅឡើយទេ។

លោក​បាន​ប្រាប់សារព័ត៌មាន​ស៊ីនហួ​ក្នុង​បទសម្ភាសន៍​នាពេល​ថ្មីៗ​នេះ​ថា​៖ «​កម្ពុជា​និង​ចិន​មាន​កិច្ចសហប្រតិបត្តិការ​ខាង​កសិកម្ម​រឹងមាំ ហើយ​យើង​បាន​នាំចេញ​អង្ករ ស្វាយ ចេក និង​ថ្មីៗនេះ គឺផ្លែមាន ​ទៅ​ប្រទេស​ចិន​»​។

លោកបានបន្ថែមថា “ខ្ញុំចង់លើកទឹកចិត្តភាគីពាក់ព័ន្ធទាំងអស់នៃប្រទេសទាំងពីរឱ្យជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីស្វែងរកមធ្យោបាយថ្មី កាន់តែប្រសើរ និងមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសក្តានុពលដែលយើងមាន” ។

លោក ទីណា បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលបានចូលជាធរមានកាលពីខែមករាឆ្នាំមុន បានបញ្ចូលកម្លាំងរុញច្រានថ្មីទៅក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មរបស់កម្ពុជា។

លោកបានមានប្រសាសន៍ថា “RCEP និង CCFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបើកទីផ្សារទៅវិញទៅមកនៅក្នុងប្រទេសដែលចូលរួមទាំងអស់ ដើម្បីផ្តល់ជម្រើសដល់កសិករក្នុងការនាំចេញផលិតផលកសិកម្មរបស់ពួកគេទៅកាន់ប្រទេសផ្សេងៗ” ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរ នឹងរួមចំណែកមិនត្រឹមតែដល់កំណើននៃវិស័យកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់សុខុមាលភាព និងវិបុលភាពរបស់កសិករផងដែរ។

កសិកម្មគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចកម្ពុជា។ វិស័យនេះបានរួមចំណែក ២៤.៤ ភាគរយដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសក្នុងឆ្នាំ២០២១៕ Xinhua

Related Posts

Previous Article

ឡាវ ដាក់ដំណើរការខ្សែបញ្ជូនថាមពលអគ្គិសនី កម្លាំង ៥០០គីឡូវ៉ុល ដល់កម្ពុជា

Next Article

កម្ពុជា​ត្រៀម​ខ្លួន​ស្វាគមន៍​ការ​វិល​ត្រឡប់​មក​វិញ​របស់​អ្នក​វិនិយោគ និងភ្ញៀវទេសចរ​ចិន