ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​កម្ពុជា

Share:

នៅក្នុងការសិក្សា Consumer Payment Attitudes 2021 Visa បានគូសបញ្ជាក់ពីទិដ្ឋភាពនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងការទូទាត់ប្រាក់នៅក្នុងប្រទេសកម្ពុជា ដោយការទូទាត់ជាសាច់ប្រាក់មានកាន់តែតិចទៅបើធៀបទៅនឹងជម្រើសឌីជីថល នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា។

វាបានចង្អុលបង្ហាញថា ១៤ភាគរយនៃអ្នកប្រើប្រាស់បច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍មិនប្រើប្រាស់សាច់ប្រាក់ទេ ហើយនិន្នាការនេះត្រូវបានដឹកនាំដោយអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា (៣៦ ភាគរយ) វាបានបន្តទៀតថា កាបូបអេឡិចត្រូនិច និងកាតគឺលេចធ្លោនៅលើទីផ្សារ។

ពួកវាត្រូវបានប្រើប្រាស់ដោយប្រជាជនកម្ពុជាប្រហែល ៤ នាក់ក្នុងចំណោម ១០នាក់សព្វថ្ងៃនេះ ហើយ១៤ ភាគរយនៃប្រជាជនមានទាំងកាបូបអេឡិចត្រូនិច និងកាត។

ការទូទាត់ QR និងការអូស/បញ្ចូលកាត មានការពេញនិយមប្រើប្រាស់ជាងប្រភេទនៃការទូរទាត់សាច់ប្រាក់ផ្សេងទៀត ទាំងនៅក្នុងកំណើនប្រចាំឆ្នាំ និងការជ្រៀតចូលទីផ្សារ។

ជុំ ម៉ូនីកា ប្រធានគ្រប់គ្រងក្រុមហ៊ុន Visa នៅកម្ពុជាបាននិយាយថា“ប្រជាជនកម្ពុជាកំពុងទទួលយកការទូទាត់តាមឌីជីថលយ៉ាងឆាប់រហ័ស ដោយពេញចិត្តនឹងភាពងាយស្រួល និងសុវត្ថិភាព។ វីសាកំពុងផ្តល់ជូនភាគីពាក់ព័ន្ធទាំងអស់នូវដំណោះស្រាយ និងការយល់ដឹង ដើម្បីស្វែងរកការបោះជំហានរបស់ពួកគេនៅក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនរបស់កម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន មានការបែងចែកអាយុច្បាស់លាស់នៅក្នុងទិដ្ឋភាពនៃការទូទាត់សាច់ប្រាក់ ដោយភាគច្រើននៃអ្នកដែលចូលចិត្តទូទាត់ជាសាច់ប្រាក់ (៧៨ ភាគរយ) គឺជាមនុស្សចាស់។ ទន្ទឹមនឹងនេះ ជម្រើសដែលគ្មានសាច់ប្រាក់គឺមានប្រជាប្រិយភាពបំផុតក្នុងចំណោមក្រុមអាយុក្មេងបំផុត ដែលជាង ២១ ភាគរយចូលចិត្តការទូទាត់តាម QR កូដ ។

ការ​បង់​ប្រាក់​តាម​កាត​ក៏ត្រូវ​បាន​ប្រើប្រាស់ក្នុង​ចំណោម​ប្រជាជនវ័យក្មេងផងដែរ។

ចំពោះអ្នកប្រើប្រាស់ជាក់លាក់ – អ្នកដែលប្រើវិធីទូទាត់ប្រាក់យ៉ាងហោចណាស់ ៤ ដងក្នុងមួយសប្តាហ៍ – គឺខ្លាំងបំផុតសម្រាប់ការទូទាត់ QR និងកាតអនឡាញជាមួយនឹងអ្នកប្រើប្រាស់ម្នាក់ក្នុងចំណោម ៥ នាក់ដែលកំពុងប្រើប្រាស់វា។

ទន្ទឹមនឹងនេះ ស្ទើរតែពាក់កណ្តាលនៃការទូទាត់ដោយមិនប្រើកាត ត្រូវបានប្រើប្រាស់យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ លើសពីនេះ ប្រទេសកម្ពុជានាំមុខគេនៅអាស៊ីអាគ្នេយ៍ជាមួយនឹងអ្នកប្រើប្រាស់កម្មវិធីធនាគារទូរស័ព្ទជាលើកដំបូងច្រើនជាងគេបំផុតក្នុងអំឡុងពេលរាតត្បាត (២៩ ភាគរយ)។

ជាការពិតណាស់ ការអូស/បញ្ចូលកាតបានឈានដល់ ២៣ភាគរយនៅក្នុងទីផ្សារ ដែលច្រើនជាងពីរដងកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់ស្ទើរតែ ៤ នាក់ក្នុងចំណោម ១០ នាក់ចាប់អារម្មណ៍ក្នុងការសាកល្បងដោយមិនប្រើកាត។ ចំណាប់អារម្មណ៍គឺខ្លាំងបំផុតក្នុងចំណោមអ្នកប្រើប្រាស់វ័យក្មេង ដែលអ្នកប្រើប្រាស់ច្រើនជាងមួយភាគបីមានទំនោក្នុងការប្រើប្រាស់វា។

ជុំ ម៉ូនីកាបានបន្តថា“ការទូទាត់ដោយមិនប្រើកាតគឺជាការបង្កើតការនៃរបៀបការទូទាត់ចុងក្រោយបំផុតដែលកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវបទពិសោធន៍ប្រតិបត្តិការលឿន សុវត្ថិភាព និងងាយស្រួលជាងមុន។ អ្នកប្រើប្រាស់ ជាពិសេសមនុស្សជំនាន់ក្រោយចង់ឃើញការទទួលយកកាន់តែទូលំទូលាយ នៃការទូទាត់ដោយមិនចាំបាច់ប្រើកាតអោយបានកាន់តែច្រើន។

ក្នុងនាមជាស្ថាប័នដែលគួរឱ្យទុកចិត្តនៃពាណិជ្ជកម្ម Visa ចង់ប្រើសមត្ថភាពចម្រុះនៃបណ្តាញរបស់យើង ដើម្បីឱ្យបុគ្គល អាជីវកម្ម និងសេដ្ឋកិច្ចមានការរីកចម្រើន”។

Visa (NYSE: V) គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការទូទាត់តាមឌីជីថល ដែលសម្របសម្រួលប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងអង្គភាពរដ្ឋាភិបាលនៅទូទាំងជាង ២០០ ប្រទេស និងតំបន់ផ្សេងៗរៀងរាល់ឆ្នាំ។

បេសកកម្មរបស់ក្រុមហ៊ុនគឺដើម្បីភ្ជាប់ពិភពលោកតាមរយៈបណ្តាញទូទាត់ប្រកបដោយភាពច្នៃប្រឌិត ងាយស្រួល គួរឱ្យទុកចិត្ត និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឱ្យបុគ្គល អាជីវកម្ម និងសេដ្ឋកិច្ចរីកចម្រើន។

ក្រុមហ៊ុនជឿថាសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននឹងលើកកំពស់មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង និងមើលឃើញថាការចូលប្រើប្រាស់ជាមូលដ្ឋានសម្រាប់អនាគតនៃការចលនាប្រាក់។ AKP-C.Nika

Related Posts

Previous Article

អង្គការសុខភាពពិភពលោក នឹងបន្តធ្វើការជាមួយកម្ពុជា លើជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត

Next Article

លោកនាយករដ្ឋមន្ត្រី ទទួលជួបអតីតឯកអគ្គរដ្ឋទូតជប៉ុន