អង្គរវត្តដ៏ល្បីរបស់កម្ពុជា ទទួលបានភ្ញៀវបរទេស ៨៣,៨៥៤នាក់ ក្នុងរយៈពេល ៧ខែ កើនឡើងជាង ១៣ដង

Khmer Times Share:
ចំណងជើង៖ អ្នកទេសចរកំពុងរង់ចាំព្រះអាទិត្យរះនៅប្រាសាទអង្គរវត្ត។ ខ្មែរថាមស៍/ជរ សុគន្ធា

រមណីដ្ឋានប្រសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៨៣,៨៥៤នាក់ ក្នុងរយៈពេល៧ខែដំបូង នៃឆ្នាំ២០២២ កើនឡើង១៣.៥ ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។

សេចក្តីប្រកាសព័ត៌មានរបស់សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋបានឱ្យដឹងថា រមណីយដ្ឋានបុរាណនេះរកចំណូលបាន៣.៣៧លានដុល្លារ ពីការលក់សំបុត្រក្នុងអំឡុងខែមករាដល់ខែកក្កដាឆ្នាំនេះ កើនឡើង១៣ ដង ធៀបនឹងឆ្នាំមុន។

នៅក្នុងអំឡុងខែកក្កដា ប្រាសាទអង្គរវត្ត បានស្វាគមន៍ភ្ញៀវបរទេសចំនួន ២៣,៨៧១នាក់ កើនឡើង ៥២ ដង ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។

ស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប រមណីដ្ឋានអង្គរទំហំ៤០១ គីឡូម៉ែត្រការ៉េ ដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅប្រទេសអាស៊ីអាគ្នេយ៍។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ជនបរទេសដែលចូលមករស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជារយៈពេលពីរឆ្នាំ ឬយូរជាងនេះ នឹងត្រូវបានអនុញ្ញាតឱ្យចូលទស្សនាប្រាសាទអង្គរដោយមិនគិតថ្លៃ ដោយលោកថាគោលការណ៍នេះ គឺដើម្បីជំរុញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន។

លោកមានប្រសាសន៍​ថា ភ្ញៀវ​ទេសចរ​បរទេស​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​ក្នុង​មួយ​ថ្ងៃ​អាច​ចូល​ទស្សនា​អង្គរ​បាន​រយៈពេល​ពីរ​ថ្ងៃ ខណៈ​សំបុត្រ​ចូល​ទស្សនា​រយៈពេល​បី​ថ្ងៃ​នឹង​ត្រូវ​ឡើង​ដល់​រយៈពេល​ប្រាំ​ថ្ងៃ និង​សំបុត្រ​ចូល​ទស្សនា​រយៈពេល​ពី​ប្រាំពីរ​ថ្ងៃ​ដល់​១០​ថ្ងៃ។

តម្លៃ​ចូល​ទស្សនាសម្រាប់រយៈពេល​មួយ​ថ្ងៃ​គឺ ៣៧ ដុល្លារ ការ​ចូល​ទស្សនា​បី​ថ្ងៃ​មាន​តម្លៃ ៦២ ដុល្លារ និង​ការ​ចូល​ទស្សនា​រយៈពេល​មួយ​សប្ដាហ៍​មាន​តម្លៃ ៧២ ដុល្លារ។

លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ប្រាសាទអង្គរវត្តត្រូវបានព្យាករណ៍ថានឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានខែ និងឆ្នាំខាងមុខ ដោយសារជំងឺរាតត្បាតកូវីដ-១៩ បានថយចុះ។

លោកបានប្រាប់ Xinhua ថា “ដោយសារប្រទេសរបស់យើងបានបើកព្រំដែនឡើងវិញសម្រាប់អ្នកដំណើរទាំងអស់ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ខ្ញុំជឿជាក់ថាភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើននឹងចំណាយពេលវិស្សមកាលរបស់ពួកគេនៅប្រាសាទអង្គរវត្តនាពេលខាងមុខ” ។

ក្នុងអំឡុងពេលមុនជំងឺរាតត្បាត ប្រាសាទអង្គរទទួលបានភ្ញៀវអន្តរជាតិដល់ទៅ ២,២ លាននាក់ក្នុងឆ្នាំ២០១៩ ដែលរកចំណូលបាន ៩៩ លានដុល្លារ ពីការលក់សំបុត្រ នេះបើយោងតាមសហគ្រាសអង្គរ៕ Xinhua

Related Posts

Previous Article

ប្រាក់ចំណូលពន្ធគយកើនឡើង ១២ ភាគរយនៅក្នុងឆមាសទី១ឆ្នាំនេះ

Next Article

ចក្រភព​អង់គ្លេស​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ីអាគ្នេយ៍ រួមទាំងទំនាក់ទំនង​សន្តិសុខ និង​ការអភិវឌ្ឍន៍