ពលរដ្ឋ​នៅ​ភូមិ​រុន​តា​ឯក​ទទួល​បាន​ប​ណ្ណ​សមធម៌​១​០​ឆ្នាំ​ ​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​តុលា​តទៅ​

​ត​ន​ ​វិបុល​ / Share:

​ប​ណ្ណ​សមធម៌​ ​ឬ​ប​ណ្ណ​ក្រីក្រ​ក​ម្រិ​ត​មួយ​ដែល​មាន​សុពលភាព​១​០​ឆ្នាំ​ ​ត្រូវ​បាន​លោកនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​សម្រេច​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្​រចិត្ត​រើ​លំនៅឋាន​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​មក​រស​់នៅ​ភូមិ​រុន​តា​ឯក​ ​ស្ថិត​ក្នុងស្រុក​បន្ទាយស្រី​ ​ខេត្ត​សៀមរាប​ ​ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​តទៅ​។​

​ការ​សម្រេច​ផ្ដល់​ជូន​នេះ​បាន​ធ្វើឡើង​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​រើ​លំនៅឋាន​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​មក​រស់នៅ​ភូមិ​រុន​តា​ឯក​កាល​ពីម្សិលមិញ​ ​ដោយ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​បញ្ជា​ឱ្យ​ក្រសួងសង្គមកិច្ច​និង​ក្រសួងផែនការ​ពន្លឿន​នូវ​កិច្ចការ​នេះ​ ​ខណៈ​ប្រជាពលរដ្ឋ​ ​២​​ ៨​៥​៣​គ្រួសារ​ហើយដែល​បាន​មក​រស់នៅ​តំបន់​ភូមិ​រុន​តា​ឯក​។​

​លោក​និយាយ​ថា​ ​ប​ណ្ណ​សមធម៌​នេះ​មាន​សុពលភាព​រយៈពេល​១​០​ឆ្នាំ​ ​ហើយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រើប្រាស់​ប​ណ្ណ​សមធម៌​ក​ម្រិ​ត​ពីរ​ត្រូវ​ប្តូរ​យក​ប​ណ្ណ​សមធម៌​ក​ម្រិ​ត​មួយ​ ​ខណៈ​ប្រយោជន៍​ដែល​ទទួល​បាន​ពី​ប​ណ្ណ​សមធម៌​នេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ជួយ​គាំទ្រ​ដល់​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​បាន​មួយ​ក​ម្រិ​ត​។​

​លោក​បន្ត​ថា​៖​ ​«​ខ្ញុំ​ត្រូវ​ដោះស្រាយ​ជា​កញ្ចប់​គោល​នយោបាយ​។​ ​ខ្ញុំ​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​មក​រស់នៅ​តំបន់​រុនតាឯក​ត្រូវ​ទទួល​បាន​ប​ណ្ណ​សមធម៌​ក​ម្រិ​ត​មួយ​ ​ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១​ ​ខែ​តុលា​នេះ​តទៅ​ ​ចំណែក​អ្នក​ដែល​មិនទាន់​មាន​ប​ណ្ណ​សមធម៌​ ​ក៏​ត្រូវ​ទទួល​បាន​ដូចគ្នា​ដែរ​»​។​

​លោក​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​បាន​ចំណាយ​ប្រមាណ​៨​០​០​លាន​ដុល្លារ​រួចហើយ​ ​សម្រាប់​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ ​ចាប​់តាំង​ពី​ថ្ងៃ​ទី​២៥​ ​ខែ​មិថុនា​ ​ឆ្នាំ​ ២​០​២​០​ ​រហូតដល់​២​៤​ ​ខែកញ្ញា​ ​ឆ្នាំ​២០២២​។​ ​ដូច្នេះ​សម្រាប់​ប្រជាពលរដ្ឋ​ ​២​ ៨​៥​៣​គ្រួសារ​នៅ​រុន​តា​ឯក​ក៏​អាច​ទ្រទ្រង់​បាន​។​ ​បើ​ទោះបីជា​មួយ​ម៉ឺន​គ្រួសារ​ទៀត​ ​ក៏​រដ្​ឋាភិបាល​ផ្គត់ផ្គង់​បាន​ដែរ​ ​ព្រោះ​​រដ្ឋាភិបាល​បាន​ផ្គត់ផ្គង់​ប្រជា​ពល​រដ្ឋ​ជាង​៧​០​ម៉ឺន​គ្រួសារ​រួចមក​​ហើយ​។​

​លោក​ គុ​ជ​ ​សុង​ ​អាយុ​៤​៣​ឆ្នាំ​ ​ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ផ្លាស់ប្ដូរ​ទីលំនៅ​ពី​រមណីយដ្ឋាន​អង្គរ​ទៅ​ភូមិ​រុន​តា​ឯក​ ​បាន​និយាយ​ថា​ ​ប័ណ្ណ​សមធម៌​ដែល​​រដ្​ឋាភិបាល​ផ្តល់​ឱ្យ ​គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ពួក​គាត់​ពេល​មាន​ជំងឺ​ ​ជា​ពិស​សេស​សំខាន់​សម្រាប់​អ្នក​ដែល​មាន​ជីវភាព​ខ្វះខាត​ ​គឺ​គាត់​អាច​ទៅ​ព្យាបាល​នៅ​ពេទ្យ​រដ្ឋ​ដោយ​មិន​ចាំបាច់​បង់ថ្លៃ​ ​និង​អាច​ទទួល​បាន​ប្រាក់ឧបត្ថម្ភតាមរយៈ​ប័ណ្ណ​សមធម៌​ ​ដែល​អាច​​​យក​ទៅ​ទិញ​ចំណីអាហារ​ ​ឬ​ស​ម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​។​

​លោក​បន្ត​ថា​ ​គ្រួសារ​របស់​លោក​​​មាន​សមាជិក​ក្នុង​បន្ទុក​ចំនួន​៤​នាក់​ ​និង​មាន​ជីវភាព​មិន​ធូរធារ​នោះ​ទេ​ ​ប៉ុន្តែ​បាន​ស្ម័គ្រចិត្ត​រើផ្ទះ​ពី​កន្លែង​ចាស់​ដែល​ស្ថិតនៅ​ក្នុង​តំបន់​អង្គរ​ទៅ​រស់នៅ​តំបន់​រុន​តា​ឯក​ទាំង​ចិត្ត​មិន​ចង់​ ​ព្រោះ​បារម្ភ​ការ​ប៉ះពាល់​ជីវភាព​កាន់​តែ​​ខ្លាំង​។​

តាម​ក្រសួងសង្គមកិច្ច​ ​ប័ណ្ណ​សមធម៌​ ​ឬ​ប​ណ្ណ​​ក្រីក្រ​នេះ​ ​មាន​អត្ថប្រយោជន៍​ជាច្រើន​ ​រួម​មាន​ការ​ទទួល​បាន​ការ​ពិនិត្យ​ ​និង​ព្យាបាល​ជំងឺ​នៅ​ពេទ្យ​រដ្ឋ​ដោយ​មិន​ចាំបាច់​បង់ថ្លៃ​ក្រោម​មូលនិធិ​សមធម៌​សុខាភិបាល​ ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្រីមានផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ ​ហើយ​ជាពិសេស​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់​បា្រក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-​១​៩​ ​ជាដើម​។​

​តំបន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក​​​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២​០​០​៤​ ​ហើយ​នៅសល់​ផ្ទៃដី​ប្រមាណ​៥​៦​៣​ហិកតា​សម្រាប់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ​្រចិត្ត​រុះរើ​សំណង់​ចេញពី​តំបន់​រម​ណីយដ្ឋាន​អង្គរ​និង​តំបន់​ផ្សេងទៀត​ដែល​ស្ថិត​ក្រោម​​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​កាល​ពី​ខែ​សីហា​ ​កន្លងទៅ​នេះ​ ​គណៈកម្មការ​អន្តរ​ក្រសួង​​មួយ​ដែល​ដឹកនាំ​ដោយ​លោក​ ​ជា​ ​សុផា​រ៉ា​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ក្នុង​ការ​វាស់វែង​ ​កំណត់​និយាមកា​ក្បាលដី​ ​និង​រមណីយដ្ឋាន​អង្គរ​ ​និង​តំបន់​ដទៃទៀត​ ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​ក៏ដូចជា​រុះរើ​សំណង់​ខុសច្បាប់​ចេញពី​តំបន់​ទាំងនេះ​។​

​កា​របើក​យុទ្ធនាការ​នេះ​ ​បាន​ធ្វើឡើង​បន្ទាប់ពី​ប្រាសាទ​ក្នុង​តំបន់​រមណីយ​​អង្គរ​បាន​រង​ការព្រមាន​ពី​អង្គការ​យូ​ណេស្កូ ​ក្នុង​ការ​ដក​ប្រាសាទ​តំបន់​រមណីយដ្ឋាន​អង្គរ​ចេញ​ពី​​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​ព្រោះតែ​សំណង់​ជាច្រើន​ត្រូវ​បាន​សង់​ឡើង​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ផ្ទុយពី​លក្ខខណ្ឌ​​កំណត់​ដោយ​​អង្គការ​​យូ​ណេស្កូ ​ក្រោយ​ពេល​ដាក​់បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក​នា​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​១៩៩២៕​

Related Posts

Previous Article

នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ចំអក​​អ្នក​រិះគន់​រឿង​នាំ​ចៅស្រី​ទៅអង្គុយ​កៅអី​នៅ UN

Next Article

សហគមន៍​ព្រៃ​ឡង់​ថា​មន្ត្រី​​​លាក់បាំង​បទល្មើស​ព្រៃឈើ​ ​តែ​អ្នក​នាំ​ពាក្យ​​ថា​នោះ​ជា​ការ​ចោទ​​ទាំង​គ្មាន​អៀនខ្មាស