គម្រោង​ ​US​AID​ ​ព្រៃ​ឡង់​បៃតង​ ​កំពុង​ស្រាវ​ជ្រាវ​ និង​ជំរឿន​សត្វព្រៃ​​​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​

​ត​ន​ ​វិបុល​ / Share:
ក្រុមការងារកំពុងចុះបំពេញបេសកកម្មនៅដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​។ ​ ​ រូបភាព៖ សហការី

​គម្រោង​ ​US​AID​ ​ព្រៃ​ឡង់​បៃតង​ ​កំពុង​ស្រាវជ្រាវ​ ​និង​ធ្វើ​ជំរឿន​ចំនួន​សត្វព្រៃ​ដែល​មាននៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​ដោយ​ប្រើ​វិធី​សា​ស្រ្ត​ដើរតាម​បន្ទាត់ត្រង់​។​ ​ការស្រាវជ្រាវ​ជី​វ​ចម្រុះ​ ​គឺជា​សកម្មភាព​សំខាន់​សម្រាប់​គម្រោង​រេ​ដ​បូក​ (​red​d​+) ​ដែល​ជា​កម្មវិធី​ជាតិ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស​័្ម​ន​ផ្ទះ​កញ្ចក់​ពី​ការ​បាត់បង់​និង​រេចរឹល​នៃព្រៃឈើ​។​

​យោង​តាម​ការ​ចេញផ្សាយ​ដោយ​គម្រោង​ ​US​AID​ ​ព្រៃ​ឡង់​បៃតង​ ​កាលពី​ថ្ងៃអង្គារ​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​តាមដាន​ជី​វ​ចម្រុះ​សម្រាប់​គម្រោង​រេ​ដ​បូក​នៅ​តំបន់​ព្រៃ​ឡង់​មាន​សមាសភាគ​ស្នូល​ចំនួន​ពីរ​ ​ដែល​នឹង​ធ្វើឡើង​រៀង​រាល់​បី​ទៅ​បួន​ឆ្នាំ​ម្តង​។​ ​វា​រួម​មានការ​រាប់​ចំនួន​សត្វព្រៃ​ដោយ​ការ​ដាក់​កា​មេ​រ៉ា​ស្វ័យ​ប្រវត្តិ​ ​និង​រាប់​ដោយ​ប្រើ​វិធី​សា​ស្រ្ត​ការ
​កត់​ទិន្នន័យ​តាមរយៈ​បន្ទាត់ត្រង់​។​

​គម្រោង​ ​US​AID​ ​ព្រៃ​ឡង់​បៃតង​ ​បន្ត​ថា​ ​ការ​រាប់​ដោយ​ការ​ដាក់​កា​មេ​រ៉ា​ស្វ័យប្រវត្តិ​ជាលើកដំបូង​នៅ​ក្នុង​ព្រៃ​ឡង់​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ​២​០​២​១​ ​ហើយ​លទ្ធផល​នឹង​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ចុង​ឆ្នាំ​២​០​២​២​។​ ​វិធី​សា​ស្រ្ត​ទាំង​ពីរ​នេះ​ត្រូវ​បាន​ចាត​់ទុក​ថា​ ​ជា​វិធី​ល្អ​បំផុត​សម្រាប់​ការ​តាមដាន​ជី​វ​ចម្រុះ​ ​ដែល​សូចនា​ករ​ប្រភេទ​សត្វ​សំខាន់​ៗ​ដែល​ទ្រទ្រង់​សុខភាព​អេកូ​ឡូ​ស៊ី​
អាច​ត្រូវ​បាន​គេ​វាយ​តម្លៃ​ និង​តាមដាន​ក្នុងរយៈពេល​វែង​។​

​ខ្មែរ​ថា​ម​ស៍​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ពី​លោក​ ​សុង​ ​ច​័ន្ទ​សុជាតិ​ ​ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​ ​និង​លោក​ ​នេត្រ​ ​ភ​ក្ត្រា ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ ​បាន​ទេ​ពីម្សិលមិញ​។​

​យ៉ាងណា​គម្រោង​ ​US​AID​ ​ព្រៃ​ឡង់​បៃតង​ ​និយាយ​ថា​ ​ដើម្បី​សម្រេច​បាន​វិធី​សា​ស្រ្ត​បន្ទាត់ត្រង់​ ​ត្រូវ​មានការ​បណ្តុះ​បណ្តាល​បុគ្គលិក​ ​ការ​បង្កើត​ក្រឡាចត្រង្គ​ ​និង​ការ​ចុះ​ផ្ទាល់​ទៅ​ក្នុង​ព្រៃ​។​ ​ឥឡូវនេះ​ការ​រាប់​ចំនួន​សត្វព្រៃ​ស្ថិត​ក្នុង​ដំណាក់កាល​បង្កើត​ក្រឡាចត្រង្គ​ ​បន្ទាប់ពី​បាន​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​ក្រុម​ស្រាវជ្រាវ​។​

​ប្រភព​បាន​បន្ថែម​ថា​៖​ ​«​ក្រុម​ស្រាវជ្រាវ​នេះ​រួម​មាន​អ្នក​ស្រាវជ្រាវ​ផ្នែក​ជី​វ​ចម្រុះ​ចំនួន​១​២​នាក់​ ​មន្ត្រី​ឧ​ទ្យានុ​រក្ស​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ចំនួន​៨​នាក់​ជុំវិញ​ព្រៃ​ឡង់​ ​ព្រមទាំង​បុគ្គលិក​គម្រោង​ ​US​AID​ ​ព្រៃ​ឡង់​បៃតង​ចំនួន​២​នាក់​»​។​

​គម្រោង​ ​US​AID​ ​ព្រៃ​ឡង់​បៃតង​ ​បន្ថែម​ទៀត​ថា​៖​ ​«កម្មវិធី​កុំព្យូទ័រ​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត​ក្រឡាចត្រង្គ​ចំនួន​៧​៤​ ​ដែល​ក្រឡា​នីមួយៗ​មានផ្ទៃ​ដី​មួយគីឡូម៉ែត្រ​កា​រ៉េ​ ​មាន​ទីតាំង​កំណត់​ដោយចៃដន្យ​នៅ​ពាសពេញ​ព្រៃ​ឡង់។​ ​បន្ទាប់​ពី​ការ​គូស​ផែនទី​ប្លង់​ក្រឡាចត្រង្គ​ ​ក្រុម​ការងារ​ស្រាវជ្រាវ​បាន​ ​និង​កំពុង​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​សម្គាល់​ក្រឡា​ចត្រង្គ​នីមួយៗ​»​។​

​ជាមួយនឹង​គ្នា​នេះ​ដែរ​ ​គម្រោង​ ​US​AID​ ​ព្រៃ​ឡង់​បៃតង​ ​បាន​ផ្តល់​ជូន​អ្នកស្រាវជ្រាវ​សហគមន៍​នូវ​ឧបករណ៍​ចាំបាច់​សម្រាប់​ការងារ​នេះ​ ​រួម​មាន​ ​G​P​S ​កាបូប​ស្ពាយ​មិន​ជ្រាប​ទឹក​ ​ស្បែកជើង​ក​វែង​ ​អង្រឹង​ ​ពិល​ពាក់​ក្បាល​ ​អាវភ្លៀង
​ច​ង្រ្កា​ន​ហ្គា​ស​តូច​ ​ឆ្នាំង​ ​និង​ស​ម្ភារៈ​សង្គ្រោះ​បឋម​។​ ​ការ​ចុះ​កំណត់​ក្រឡាចត្រង្គ​នឹង​ធ្វើឡើង​ចាប់ពី​ខែ​តុលា​ដល់​ខែ​ធ្នូ​ ​ឆ្នាំ​
២​០​២​២​ ​ហើយ​ការ​កត់ត្រា​ទិន្នន័យ​នឹង​ចាប់ផ្តើម​នៅ​ខែ​មករា​រហូត​ដល់​ខែ​ឧសភា​ឆ្នាំ​២​០​២​៣​។​

​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៦​ ​បាន​សម្រេច​ចេញ​អនុក្រឹត្យ​ បង្កើត​ដែន​ជម្រក​សត្វព្រៃ​ ​ព្រៃ​ឡង់​​ក្នុង​ទំហំផ្ទៃ​ដី​ ​៤​៣​១​ ​៦​៨​៣​ហិកតា​ ​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ​កំពង់ធំ​ ​ក្រចេះ​ ​និង​ខេត្ត​ព្រះវិហារ​។​ ​ការ​បង្កើត​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​ ​ដើម្បី​ធានា​ឱ្យ​មាន​ការថែទាំ​ទី​ជម្រក​សត្វព្រៃ​ ​និង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ ​ព្រមទាំង​ធានា​ឱ្យ​មាន​ការ​បំពេញ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​ណាមួយ​នៃ​សត្វ​ ​រុក្ខជាតិ​ ​និង​ជីវៈ​ចម្រុះ​។​

​បន្ថែម​ពី​នេះ​ ​គឺ​ដើម្បី​លើក​ក​ម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ ​ក៏ដូចជា​សាធារណជន​ក្នុង​ការ​រួមចំណែក​ដល់​ការ​គ្រប់គ្រង​ ​ការ​ការពារ​ ​និង​ការ​អភិ​រក្ស​ជីវៈ​ចម្រុះ​និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់៕​

Related Posts

Previous Article

អង្គការ​តម្លា​ភាព​កម្ពុជា​រក​ឃើញ​ថា​ ​យុវជន​កម្ពុជា​ចាប់អារម្មណ៍​តិចតួច​ក្នុង​រឿង​នយោបាយ​

Next Article

កិច្ចសន្ទនា_ASIP_រដូវកាលទី៣ ភាគទី ១៩