លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី បាននិយាយថា FTA កម្ពុជា-កូរ៉េខាងត្បូង បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីល្អរវាងប្រទេសទាំងពីរ

Khmer Times Share:
លោក Park Heung-kyeong (ឆ្វេង) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងលោក ប្រាក់ សុខុន។ AKP

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (FTA)ដែលចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំនេះ នឹងបន្តពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីល្អរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។

ការរំពឹងទុកនេះ ធ្វើឡើងដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងជម្រាបលា របស់អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក Park Heung-kyeong ដែលនឹងចប់អាណត្តិ នេះបើយោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីកម្ពុជាបានលើកសរសើរចំពោះសមិទ្ធិផលក្នុងអំឡុងពេលកាន់ដំណែងរបស់លោកឯកអគ្គរដ្ឋទូត Park និងបានកោតសរសើរចំពោះការរួមចំណែករបស់លោកក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។

ភាគីទាំងពីរបានរំលឹកឡើងវិញនូវការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ក្នុងឆ្នាំនេះ ក្នុងនោះមានដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកុម្ភៈ និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីខែមេសា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Yoon Suk Yeol ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធអាស៊ានកាលពីខែវិច្ឆិកា នៅរាជធានីភ្នំពេញ ក៏ដូចជាដំណើរទស្សនកិច្ចផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រីផ្ទាល់កាលពីខែកញ្ញាឆ្នាំមុន ក្នុងអំឡុងពេលដែលលោកធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ។

លោក សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះជំនួយដែលផ្តល់ដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកបានលើកឡើងដោយក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការល្អលើវិស័យសេដ្ឋកិច្ច ការកើនឡើងគួរឱ្យកត់សម្គាល់នៃពាណិជ្ជកម្មទ្វេភាគី លំហូរនៃការវិនិយោគរបស់សាធារណរដ្ឋកូរ៉េមកកាន់កម្ពុជា វត្តមានរបស់ក្រុមហ៊ុនកូរ៉េល្បីៗជាច្រើននៅកកម្ពុជា ការកើនឡើងក្នុងការនាំចេញផ្លែស្វាយកម្ពុជា និងជំនួយក្នុងវិស័យសុខាភិបាល។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីជំហរកម្ពុជាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ជាពិសេសវិបត្តិមីយ៉ាន់ម៉ា និងស្ថានការណ៍នៅឧបទ្វីបកូរ៉េ។

ឯកអគ្គរដ្ឋទូត PARK Heung-kyeong បានអបអរសាទរចំពោះការដឹកនាំអាស៊ានប្រកបដោយជោគជ័យរបស់កម្ពុជា និងបានកោតសរសើរចំពោះការដឹកនាំ និងការរៀបចំរបស់ប្រទេសក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធាន AMM និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

លោកក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកឧបនាយករដ្ឋមន្ត្រីក្នុងនាមជាប្រសិតពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ា។ លោក ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់កូរ៉េខាងត្បូងក្នុងអំឡុងពេលពេញមួយឆ្នាំនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។ Heng Panha – AKP

Related Posts

Previous Article

ICRC ប្រារព្ធខួបនៃកម្មវិធីស្តារនីតិសម្បទារយៈពេល៣០ ឆ្នាំនៅកម្ពុជា

Next Article

យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ជារៀងរាល់ថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា