នាយក​រដ្ឋមន្ត្រី​វៀតណាម​បាននិយាយ​ថា វៀតណាម​មាន​ឆន្ទៈក្នុងការ​គាំទ្រ​កម្ពុជា​

Khmer Times Share:
រូបថត៖ គេហទំព័ររដ្ឋាភិបាលវៀតណាម

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសបានទៅអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមពីថ្ងៃចន្ទ ដល់ថ្ងៃពុធ និងដើម្បីចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី២០ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃអង្គារ។

ឆ្នាំនេះ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ការប្រកួតកីឡាស៊ីហ្គេមទី៣២  អាស៊ានប៉ារ៉ាហ្គេម និងកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៏កម្ពុជា ឡាវ វៀតណាមលើកទី១២។

លោកនាយករដ្ឋមន្ត្រីវៀតណាម រំពឹងថាភាគីទាំងពីរនឹងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងសេចក្តីថ្លែងការណ៍រួម។

នៅឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរឈានដល់ជាង ១០ពាន់លានដុល្លារអាមេរិក កើនឡើង ១១ ភាគរយបើធៀបនឹងឆ្នាំមុន។

យោងតាមក្រសួងការបរទេសវៀតណាម វៀតណាមមានគម្រោងវិនិយោគចំនួន ២០៥ ក្នុងប្រទេសកម្ពុជាដែលមានដើមទុនចុះបញ្ជីវិនិយោគសរុបចំនួន ២៩.៤ ពាន់លានដុល្លារ ដែលធ្វើឱ្យវៀតណាមក្លាយជាវិនិយោគិនអាស៊ានដ៏ធំបំផុត និងក្នុងចំណោមវិនិយោគិនបរទេសធំជាងគេទាំង៥នៅកម្ពុជា។

ប្រមុខ​រដ្ឋាភិបាល​វៀតណាម​ក៏បាន​ស្នើ​ឲ្យ​ប្រទេស​ទាំងពីរ​ជំរុញ​ពាណិជ្ជកម្ម​ឆ្លង​ដែន និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅតាម​តំបន់​ព្រំដែន។

ភាគីទាំងពីរគួរតែបន្តរួមកម្លាំងគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន ក៏ដូចជាការផ្លាស់ប្តូរបៃតង និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងផងដែរថា កម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះការពង្រឹង និងអភិវឌ្ឍន៍នូវភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ យូរអង្វែង ជាមួយវៀតណាម។

ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ព្រមទាំងរួមគ្នាកសាងអាស៊ានអោយមានការឯកភាព រឹងមាំ និងវិបុលភាព។

នាថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ក៏បានជួបជាមួយលោកប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី ផងដែរ។

ប្រធានរដ្ឋវៀតណាមបានគូសបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ និងគាំទ្រអតីតព្រះករុណា ព្រះមហាក្សត្រនរោត្តម សីហនុ និងសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាដែលគាំទ្រវៀតណាមក្នុងបដិវត្តន៍ដើម្បីរំដោះជាតិនាពេលកន្លងមក ក៏ដូចជាដល់ការអភិវឌ្ឍន៍ក្នុងពេលបច្ចុប្បន្ន។

ប្រធានរដ្ឋវៀតណាមបានបន្ថែមថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបន្តពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ Touitrenews.vn

Related Posts

Previous Article

កម្ពុជា​​សម្តែងការខកចិត្តចំពោះ​របាយការណ៍​សិទ្ធិ​មនុស្សរបស់សហរដ្ឋ​អាមេរិក​ដែលបង្ហាញពី ​«ស្តង់ដារ​ពីរ»​នៅក្នុងការអនុវត្តរបស់​ខ្លួន

Next Article

​កម្ពុជា​ ​និង​វៀតណាម​ ​ឯកភាព​ពន្លឿន​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការលាង​លុយ​កខ្វក់ ​និង​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន​