កម្ពុជា-វៀតណាមបង្កើនពាណិជ្ជកម្មទ្វេភាគី១០ពាន់លានដុល្លារឆ្នាំ២០២២

ជា វណ្ណយុទ្ធ / ខ្មែរថាមស៍ Share:
ខ្មែរថាមស៍ / ជរ សុគន្ធា

ក្រសួងពាណិជ្ជកម្មកម្ពុជា និង ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានពិភាក្សាអំពីការជំរុញសកម្មភាពពាណិជ្ជកម្ម ដោយសន្យាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ១០ ពាន់លានដុល្លារនៅឆ្នាំនេះ។

កិច្ចប្រជុំនេះ ដឹកនាំដោយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោក សុខ សុភ័ក្រ្ត និង លោក Tran Quoc Khanh អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៅថ្ងៃទី ២២ ខែមេសា។

ក្នុងជំនួបនេះ ភាគីទាំង២បានពិភាក្សាលើការដោះស្រាយនូវការពង្រីកច្បាប់ដើមកំណើតផលិតផលកង់សម្រាប់ការនាំចេញទៅកាន់សហភាពអឺរ៉ុប ការនាំចេញគ្រាប់ស្វាយចន្ទី និង ស្ករទៅវៀតណាម និងបង្កើតក្របខ័ណ្ឌពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២។

ភាគីទាំង២បានផ្លាស់ប្តូរយោបល់គ្នាលើការស្វែងរកដំណោះស្រាយចំពោះច្បាប់បន្ថែមលើការផលិតកង់ ដែលកម្ពុជានាំចេញទៅកាន់សហភាពអឺរ៉ុប បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុបចូលជាធរមានក្នុងឆ្នាំ ២០២០ ដែលបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបតម្រូវឱ្យភាគីកម្ពុជា-វៀតណាម បំពេញនីតិវិធីចាំបាច់ ដើម្បីទទួលបានច្បាប់បន្ថែម នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។

សេចក្តីថ្លែងការណ៍នេះបានសរសេរថា សម្រាប់ការពិភាក្សាលើបញ្ហានាំចេញគ្រាប់ស្វាយចន្ទី និងស្ករពីកម្ពុជាទៅវៀតណាមដែលមានឧបសគ្គបច្ចេកទេស ភាគីទាំង២បានប្តេជ្ញាបន្តធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានេះ យ៉ាងយកចិត្តទុកដាក់។

ទោះបី​មាន​បញ្ហា​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​ខ្លះ​ក៏ដោយ ប៉ុន្តែ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២​មាន​ការកើនឡើង​ជា​លំដាប់។

ដោយឡែក សម្រាប់ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​រួម​កម្ពុជា​-​វៀតណាម​សម្រេច​បាន​ជិត​៩​ពាន់​លាន​ដុល្លារ ។ សម្រាប់ឆ្នាំ២០២២ ភាគីទាំង២ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មដល់១០ពាន់លានដុល្លារ។

ក្នុង​ត្រី​មាស​ទី​មួយ​ឆ្នាំ​នេះ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម​មាន​ចំនួន ១,៧ ពាន់​លាន​ដុល្លារ។ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​វៀតណាម​ក្នុង​តម្លៃ ៧៥៨ លាន​ដុល្លារ កើនឡើង ៣,៩ ភាគរយ ខណៈ​នាំ​ចូល ៩៦៣ លាន​ដុល្លារ កើនឡើង ២២,៧ ភាគរយ៕

Related Posts

Previous Article

ក្រសួងសាធារណការ រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់នៅក្រុងសៀមរាប

Next Article

កុដិឈើចំណាស់ពីរខ្នងនៅវត្តព្រះព្រហ្មរ័ត្នកំពុងជួសជុលអភិរក្សឡើងវិញ