កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩​ជាង​៥៣​លាន​ដូស និង​២០​លាន​ដូស​ទៀតកំពុងជិតមកដល់

Khmer Times Share:
ឡនដឹកវ៉ាក់សាំងចេញពីអាកាសយានដ្ឋានដើម្បីយកទុកនៅក្នុងបន្ទប់ត្រជាក់របស់ក្រសួងសុខាភិបាល។ Fresh News

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បាននិយាយថា រហូតមកដល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ ជាង ៥៣លានដូស ពីជំនួយទ្វេភាគី តាមរយៈយន្តការ Covax និង ការបញ្ជាទិញផ្ទាល់។ វ៉ាក់សាំង ២០ លានដូសបន្ថែមទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២២ កម្ពុជាមានវ៉ាក់សាំងជាង ៨លានដូស មានក្នុងឃ្លាំងសម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបន្តទៀត។

លោក ប៊ុនហេង បានលើកឡើងបែបនេះ ក្នុងឱកាសទទួលវ៉ាក់សាំង Covid-19 Pfizer ចំនួន ២លានដូស ដែលជាជំនួយទី២ ពីសហរដ្ឋអាមេរិក តាមរយៈយន្តការ Covax ដល់រាជរដ្ឋាភិបាលកម្ពុជា។ ពិធីទទួលនេះធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីម្សិលមិញដោយមានការចូលរួមពីលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រីបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី Foroogh Foyozat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា។

លោករដ្ឋមន្ត្រី ប៊ុនហេង បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលសហរដ្ឋអាមេរិក តាមរយៈមជ្ឈមណ្ឌល Covax បានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលលើកទី១ មានវ៉ាក់សាំង Johnson & Johnson ចំនួន ១លានដូស។

លោករដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជារំពឹងថានឹងទទួលបានវ៉ាក់សាំង Pfizer ប្រមាណ ៧លានដូស ដែលកំពុងត្រូវបានជួយសម្របសម្រួលដោយយន្តការ Covax៕

Related Posts

Previous Article

សហរដ្ឋ​អាមេរិក​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ចំនួន ២លាន​ដូស ដល់​ប្រជាជន​កម្ពុជា

Next Article

គោលដៅនាំចេញកំពូលរបស់កម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២២  គឺ វៀតណាម ចិន និងថៃ