កិច្ចព្រមព្រៀង RCEP នឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-កូរ៉េខាងត្បូង

Share:

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងក្លាយជាកត្តាជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងកូរ៉េខាងត្បូង។

លោក ប្រាក់ សុខុន ដែលជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បានធ្វើការកត់សម្គាល់ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Park Jin នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា នេះបើយោងតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

អ្នកនាំពាក្យបានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា “លោក ប្រាក់ សុខុន ក៏បានកត់សម្គាល់ផងដែរថា សាធារណរដ្ឋកូរ៉េ ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ហើយការអនុវត្ត RCEP នឹងដើរតួជាក្របខ័ណ្ឌមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ”។

កិច្ចព្រមព្រៀង RCEP ចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលរួមមាន១៥ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមជាមួយប្រទេសសមាជិកអាស៊ានចំនួន១០ ដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូរពាណិជ្ជកម្មចំនួន៥ រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

លោក សុន្ទរីបានមានប្រសាសន៍ថា ក្នុងជំនួបនោះ រដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីប្រកបដោយភាពស្និទ្ធស្នាល ដែលបង្ហាញពីការផ្លាស់ប្តូរជាញឹកញាប់នៅគ្រប់កម្រិត និងការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់។

លោកបានបន្ថែមថា ពួកគេក៏បានកត់សម្គាល់ដោយការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានភាពធន់រវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលគាំទ្រដោយទំហំពាណិជ្ជកម្មទ្វេភាគីខ្ពស់ ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ។

បើតាមអ្នកនាំពាក្យ លោក ប្រាក់ សុខុន មានសុទិដ្ឋិនិយមថា សកម្មភាពពាណិជ្ជកម្មទ្វេភាគី ក៏នឹងត្រូវបានជំរុញយ៉ាងខ្លាំងផងដែរ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ចូលជាធរមាន។ ស៊ីនហួ

Related Posts

Previous Article

សំឡេងគាំទ្រនៅកម្ពុជាចំពោះការតបតរបស់ចិន

Next Article

កម្ពុជា និង EU ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី