កងទ័ព​កម្ពុជា​-​ថៃ​ ​ប្ដេជ្ញា​ពង្រឹង​តំបន់​ព្រំដែន​មិត្តភាព​ សន្តិភាព​ និង​អភិវឌ្ឍន៍​

​បែន​ ​សុខ​ហ៊ាន​ / Share:
ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត ជួបសំដែងការគួរសមជាមួយរដ្ឋមន្ត្រីការពារជាតិថៃ នាយ​ឧត្តមសេនីយ៍​ ​ប្រា​យុទ្ធ​ ​ ចន្ទ​អូ​ចា។ រូបភាព៖ កងទ័ពជើងគោក

​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ទ​ៅកាន់​ប្រទេស​ថៃ​កាលពី​ថ្ងៃអង្គារ​ ​ដោយ​ភាគី​យោធា​នៃ​ប្រទេសជិតខាង​ទាំងពីរ​បាន​ប្ដេជ្ញា​ក្នុង​ការ​កសាង​ ​និង​ពង្រឹង​តំបន់​ព្រំដែន​មិត្តភាព​ ​សន្តិភាព​ ​សហប្រតិបត្តិការ​ ​និង​អភិវឌ្ឍន៍​។​

​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដែល​មាន​តួនាទី​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ​ផង​នោះ​ ​បាន​ដឹក​នាំ​ប្រតិភូ​ជាន​់ខ្ពស់​កង​ទ័ព​ជើងគោក​ ​ទៅ​កាន់​ក្រុងបាងកក​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១​៩​ ​ដល់​ថ្ងៃ​ទី​២​០​ ​ខែ​កញ្ញា​ ​តប​តាម​ការ​អញ្ជើញ​របស់​សម​ភាគី​ថៃ​។​

​កាលពី​ថ្ងៃ​ច័ន្ទ ​លោក​បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយនឹង​នាយ​ឧត្តមសេនីយ៍​ ​ណា​រ៉ុ​ង​ផាន់​ ​ជិត​កែវ​ធែ (Narongpan​ J​it​k​a​e​w​t​a​e​) ​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កង​ភូមិន្ទ​ថៃ​ ​មុន​នឹងួ​ប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយនឹង​ ​នាយ​ឧត្តមសេនីយ៍​ ​ឆា​ឡើ​ម​ផុន​ ស្រុី​សា​វ៉ាត់​តិ៍ (C​hale​r​m​p​h​on Sr​i​saw​as​d​i​) ​អគ្គ​មេបញ្ជាការ​ ​នៃ​កង​ភូមិន្ទ​ថៃ​ ​នា​ថ្ងៃ​បន្ទាប់​។​

​កាលពី​រសៀល​ថ្ងៃ​ទី​២​០​ ​ខែកញ្ញា​ ​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​បន្ត​ជាមួយនឹង​នាយ​ឧត្តមសេនីយ៍​ ​ប្រា​យុទ្ធ​ ​ចន្ទ​អូ​ចា ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​ ​នា​ក្រសួង​ការពារ​ជាតិ​ថៃ​ ​មុន​ដំណើរ​និវត្តន៍​មកកាន់​មាតុប្រទេស​វិញ​។​

​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​កងទ័ព​ជើង​គោក​កម្ពុជា​ ​ក្នុង​ជំនួប​នោះ​ ​នាយ​ឧត្តមសេនីយ៍​ ​ប្រា​យុទ្ធ​ ​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​និង​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​ ​ព្រម​ជាមួយនឹង​ការ​ផ្តាំផ្ញើ​សាក​សួរសុខទុក្ខ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​និង​លោក​ ​ទៀ​ ​បាញ់​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​។​

​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​យោធា​រវាងប្រទេស​ទាំង​ពីរ​ ​នាយ​ឧត្តមសេនីយ៍​ ​ប្រា​យុទ្ធ​ ​បាន​សម្តែង​ការ​គាំទ្រ​ ​និង​ធ្វើការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​មិត្តភាព​ជិត​ស្និទ្ធ​ ​និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​បណ្តា​ប្រភេទ​ទ័ព​ទាំង​បី​គ្រប់​ក​ម្រិ​ត​ ​ដែល​ពិតជា​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​នៅ​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹង​មាំ​ ​និង​យូរអង្វែង​។​

​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ ​ត្រូវ​បាន​រាយការណ៍​ថា​ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​គាំទ្រ​ដល់​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​យោធា​នៃ​ប្រទេស​ទាំងពីរ​ ​ដែល​កាន់​តែ​បន្ត​រីក​ចម្រើន​ទៅមុខ​ ​ដូចដែល​ឆ្លុះបញ្ចាំង​តាមរយៈ​សមិទ្ធផល​សំខាន់​ៗ​ដែល​កងទ័ពជើងគោក​ទាំងពីរ​សម្រេច​បាន​ក្នុងរយៈ​កាល​កន្លងមក​នេះ​ ​ទាំង​កិច្ច​សហការ​ល្អ​រវាង​បណ្តា​កងឯកភាព​ជួរមុខ​នៅ​តាម​បណ្តោយ​ព្រំដែន​ ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​អង្គភាព​ថ្នាក់​យុទ្ធ​វិធី​ ​និង​រវាង​យោធិន​ជា​លក្ខណៈ​បុគ្គល​ ​ដើម្បី​ជួយ​ពង្រឹង​ដល់​ការ​កសាង​ទំនុក​ចិត្ត​តាមរយៈ​ការ​បង្កើន​មនោសញ្ចេតនា​ស្គាល់គ្នា​ទៅវិញទៅមក​ឱ្យ​បាន​ស្អិត​រ​មួត​។​

​ជាង​នេះ​ទៀត​ ​ការ​ភ្ជាប់​ទំនាក់ទំនង​លើ​ផ្នែក​ហ្វឹកហ្វឺន​បណ្តុះ​បណ្តាល​ធនធានមនុស្ស​ ​គឺ​មិន​ត្រឹមតែ​ធ្វើ​ឡើង​សម្រាប់​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ​។​

​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ក៏បាន​លើកឡើង​ផង​ដែរ​អំពី​ការ​ខិតខំ​ចូល​រួមចំណែក​របស់​កងកម្លាំង​នៃ​ប្រទេស​ទាំង​ពី​​​រ​ក្នុង​ការ​កសាង​ ​និង​ពង្រឹង​តំបន់​ព្រំដែន​មិត​្តភាព​ ​សន្តិភាព​ ​សហប្រតិបត្តិការ​ ​និង​អភិវឌ្ឍន៍​ ​និង​បាន​បញ្ជាក់​ថា​ ​សន្តិភាព​ ​សន្តិសុខ​ ​និង​ស្ថិរភាព​នៅ​តាម​បណ្តោយ​ព្រំដែន​ ​គឺ​ពិតជា​បាន​បង្ក​លក្ខណៈ​ដល់​កា​រ​ដោះ​ដូរ​ពាណិជ្ជកម្ម​ឆ្លង​ដែន​ ​ដែល​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​ការងារ​ ​និង​លើក​ក​ម្ពស់​ជីវភាព​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​លោក​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​​រដ្ឋាភិបាល​  ​ប្រជាជន​ ​និង​កងទ័ព​ថៃ​ ​ដែល​បាន​ផ្តល់​ការ​ជួយឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទ​ៅមក​ ​និង​ការ​សម្របសម្រួល​យ៉ាង​កក់ក្តៅ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​ ​ព្រមទាំង​ប្រជាពលករ​ខ្មែរ​ដែល​រស់នៅ​ ​និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ក្នុង​អំឡុង​ពេល​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​។​

​ជាមួយគ្នា​នេះ​ ​នាយ​ឧត្តមសេនីយ៍​ ​ប្រា​យុទ្ធ​ ​ក៏បាន​ចូល​រួម​អប​អរសាទរ​ចំពោះ​ដំណើរការ​ដោយ​ជោគជ័យ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការពារជាតិ​អា​ស៊ាន​លើក​ទី​១​៦​ (16​t​h​ ​ADMM​) ​កាលពី​ខែ​មិថុនា​ ​កន្លងទៅ​នេះ​ ​និង​បាន​បញ្ជាក់​ផង​ដែរ​អំពី​ការ​គាំទ្រ​ចំពោះ​ការ​បំពេញ​តួនាទី​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ ​ដោយ​រាប់ទាំង​វិធានការ​នានា​នៅ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា​ ​ព្រម​ជាមួយនឹង​ការ​ជូនពរ​ឱ្យ​កម្ពុជា​បន្ត​សម្រេច​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​ ​និង​មាន​សារៈសំខាន់​នេះ​ ​រហូត​​ដល់​ចុង​បញ្ចប់​ឆ្នាំ​២​០​២​២​៕​​

Related Posts

Previous Article

ពល​រដ្ឋ​ប្រមាណ​១​ ០​០​០​នាក់​សម្រុក​ទៅ​យក​ម៉ូតូ​របស់​ខ្លួន​ ​ក្រោយ​អាជ្ញាធរ​រឹបអូស​ពី​ហាង​បញ្ចាំ​

Next Article

រដ្ឋាភិបាល​នឹង​ចេញ​មូលបត្រ​បំណុល​ជា​លើក​ទីពីរ​ ​ដើម្បី​ខ្ចីប្រាក់​ ​៥​០​លាន​ដុល្លារ​ពី​អ្នក​វិនិយោគ​